(មូស្គូ)៖ កងទ័ពរុស្ស៊ីនៅថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា ខ្លួនបានរារាំងការវាយប្រហារជាច្រើនលើក នៅសមរភូមិជួរមុខអ៊ុយក្រែនភាគខាងត្បូង ជាកន្លែងដែលការប្រយុទ្ធគ្នាកាន់តែមានសភាពខ្លាំងឡើងក្នុងសប្តាហ៍នេះ ចំពេលមានការរំពឹងទុកនៃការវាយបកដ៏ធំពីសំណាក់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ីបានរាយការណ៍ពី «ការប្រយុទ្ធដ៏សកម្ម» នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

កងទ័ពរុស្ស៊ីបាននិយាយថា «ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានបន្តការប៉ុនប៉ង ធ្វើប្រតិបត្តិការវាយបកនៅក្នុងទិសដៅភាគខាងត្បូងនៃតំបន់ Donetsk និង Zaporizhia» ប៉ុន្តែត្រូវបានកងទ័ព និងយន្តហោះរុស្ស៉ីរុញថយក្រោយ​យ៉ាងដាច់ខាត។

កងទ័ពរុស្ស៊ីបានគូសបញ្ជាក់ថា ខ្លួនបានរារាំងការវាយលុកចំនួន៤លើក ដែលធ្វើឡើងដោយកងកម្លាំង នៃកងវរសេនាតូចយុទ្ធសាស្ត្រអ៊ុយក្រែន ដែលគាំទ្រដោយរថក្រោះចំនួន២លើក នៅជិតភូមិ Livadnoye ក្នុងតំបន់ Zaporizhia និងនៅក្នុងភូមិ Novoselika ក្នុងតំបន់ Donetsk ។ ការវាយប្រហារពីរផ្សេងទៀតគឺនៅជិតភូមិ Novodanilovka និង Malaya Tokmachka នៃតំបន់ Zaporizhia ។

គួរបញ្ជាក់ថា អ៊ុយក្រែន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ការ​វាយលុក​ដ៏​ធំ​មួយទៅលើរុស្ស៉ីវិញ ​ខណៈដែល​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ការវាយបកដ៏ធំនេះ​បាន​ចាប់​ផ្តើម​ហើយប៉ុន្តែមិនបានទទួលជោគជ័យនោះទេ៕