(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានទទូចអឺរ៉ុបកុំឱ្យធ្វើប្រាស្រ័យទាក់ទងជាផ្លូវការណាមួយជាមួយតៃវ៉ាន់ ឬគាំទ្រចលនាឯករាជ្យរបស់​ទីក្រុងតៃប៉ិឡើយ ស្របពេលដែលមានដំណឹងថា រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក ចូសេព វូ (Joseph Wu) គ្រោងបំពេញទស្សនកិច្ចទៅកាន់ទីនោះ នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពីន (Wang Wenbin) បានលើកឡើងដូច្នេះថា «យើងទទូចឱ្យភាគីអឺរ៉ុបយល់ពីសារសំខាន់​នៃបញ្ហាតៃវ៉ាន់ និងគោរពតាមការប្តេជ្ញារបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ ហើយកុំផ្តល់ការគាំទ្រដល់ចលនាចង់ទាមទារឯករាជ្យរបស់តៃវ៉ាន់ ព្រមទាំងកុំធ្វើប្រាស្រ័យ​ទាក់ទងផ្លូវការជាមួយតៃវ៉ាន់ឡើយ ទោះក្នុងទម្រង់អ្វីក៏ដោយ»

ទីក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ ក្រោយមានសេចក្តីរាយការណ៍ព័ត៌មានថា លោក វូ នឹងបំពេញទស្សនកិច្ចទៅអឺរ៉ុបនៅកំលុង​សប្តាហ៍ខាងមុខនេះ។ រដ្ឋមន្រ្តីការបរទេសឆែក បានទទួលស្គាល់ថា លោក វូ នឹងធ្វើទស្សនកិច្ចនៅទីក្រុងប្រាកនាសប្តាហ៍ក្រោយ ប៉ុន្តែបាននិយាយថា វានឹងមិនផ្លាស់ប្តូរគោលនយោបាយសព្វថ្ងៃរបស់សាធារណរដ្ឋឆែក ចំពោះតៃវ៉ាន់ឡើយ។

បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កំលុងការបំពេញទស្សនកិច្ចនោះ លោក វូ នឹងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប្រាក ដែលនឹងមានប្រធានាធិបតីឆែក លោក ភីតឺ ផាវែល (Petr Pavel) ចូលរួមផងដែរ។ ក្រៅពីនេះ លោក វូ ក៏នឹងត្រូវធ្វើទស្សនកិច្ច​នៅទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិកថែមទៀតផង ដែលជាទីស្នាក់កណ្តាលរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវចិនចាត់ទុកជាផ្នែកនៃដែនដីរបស់ខ្លួន គឺពុំមានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសអឺរ៉ុបណាមួយឡើយ លើកលែងតែបុរីវ៉ាទីកង់។ ទីក្រុងប៉េកាំងតែងតែចេញមុខថ្កោលទោសជានិច្ច ចំពោះការទាក់ទងគ្នាក្នុងទម្រង់ណាមួយ រវាងមន្រ្តីតៃវ៉ាន់ និងមន្រ្តីបរទេស ក្រោមហេតុផលថា វាគឺជាទង្វើជំរុញឱ្យមានការទទួលស្គាល់ជាអន្តរជាតិថា តៃវ៉ាន់គឺដាច់ដោយឡែកពីចិន៕