(ឡុងដ៍)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអង់គ្លេស ត្រូវបានចល័តឡើងលើផ្ទៃអាកាសចំនួនពីរលើក ក្នុងចន្លោះពេល២៤ម៉ោង ដើម្បីទៅស្កាត់យន្តហោះយោធារបស់រុស្ស៉ី ដែលបានហោះមកក្បែរ​ដែនអាកាសរបស់អង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យន្តហោះចម្បាំង Typhoon របស់អង់គ្លេស ដែលឈរជើងនៅប្រទេសអេស្តូនី រួមជាមួយយន្តហោះចម្បាំង Gripen របស់ស៊ុយអែត ត្រូវបាន​បញ្ជូនឱ្យទៅហោះស្ទាក់ យន្តហោះឈ្លបការណ៍ Il-20 មួយគ្រឿង និងយន្តហោះចម្បាំង Su-27 មួយគ្រឿងរបស់រុស្ស៉ី ដែលបានហោះមកក្បែរដែនអាកាសរបស់ NATO និងស៊ុយអែត។ រីឯកាលពីថ្ងៃសុក្រ ក្រុមយន្តហោះចម្បាំងអង់គ្លេស Typhoon ក៏ត្រូវបានចល័តសាជាថ្មី ដើម្បីទៅស្ទាក់យន្តហោះយោធាដឹកជញ្ជូនពីរគ្រឿងរបស់រុស្ស៉ី ដែលធ្វើដំណើរពីប្រទេសរុស្ស៉ី ឆ្ពោះទៅតំបន់កាលីនីនក្រាដ (Kaliningrad) ដែលជាតំបន់របស់រុស្ស៉ី ស្ថិតនៅចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី។

គួរបញ្ជាក់ថា ក្រោយមក ក្រុមយន្តហោះ Typhoon ក៏ទទួលបានបទបញ្ជាឱ្យបន្តទៅហោះស្ទាក់ យន្តហោះទម្លាក់គ្រាប់បែក Tu-22M ពីរគ្រឿង និងយន្តហោះចម្បាំង Su-30 ពីរគ្រឿងរបស់រុស្ស៉ី នៅលើឈូងសមុទ្រហ្វាំងឡង់ និងសមុទ្របាល់ទិច។ យន្តហោះចម្បាំងរបស់ហ្វាំងឡង់ ស៊ុយអែត ព័រទុយហ្កាល់ និងរូម៉ានី ក៏បានចូលរួមក្នុងការហោះអមដំណើរក្រុមយន្តហោះរុស្ស៉ីនោះផងដែរ៕