(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ចិនបានចោទប្រកាន់សហរដ្ឋអាមេរិកពីការធ្វើទុក្ខបុកម្នេញអ្នកដទៃ តាមរយៈការប៉ុនប៉ងដកហូតឋានៈជា​ប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន ខណៈទីក្រុងប៉េកាំងបាននិយាយថា ឋានៈនេះមិនមែនសម្រេចដោយទីក្រុងវ៉ាស៉ីនតោនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលនឹងតម្រូវ​ឱ្យក្រសួងការបរទេសអាមេរិក ព្យាយាមជំរុញឱ្យមានការផ្លាស់ប្តូរ ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន នៅក្នុងអង្គការអន្តរជាតិ។ ពេលត្រូវបាន​សាកសួរអំពីបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពីន (Wang Wenbin) បាននិយាយថា ការធ្វើបែបនេះរបស់អាមេរិក គឺជាការប្រើសន្លឹកបៀមួយផ្សេងទៀត ដើម្បីរាំងខ្ទប់ការអភិវឌ្ឍរបស់ប្រទេសចិន។

បើតាមលោក វ៉ាង ការសម្រេចថា តើចិនជាប្រទេសកំពុងអភិវឌ្ឍឬយ៉ាងណានោះ គឺមិនមែនអាស្រ័យទៅលើសហរដ្ឋអាមេរិកឡើយ ហើយលោក​បានបន្ថែមថា ឋានៈរបស់ចិនជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក គឺផ្អែកលើស្ថានភាពពិតជាក់ស្តែង និងមានមូលដ្ឋានរឹងមាំគ្រប់គ្រាន់ នៅក្នុងច្បាប់អន្តរជាតិ។

ជាចុងក្រោយ អ្នកនាំពាក្យចិនរូបនេះ ក៏បានច្រានចោលផងដែរ នូវការអះអាងរបស់អ្នកតាក់តែងច្បាប់អាមេរិកមួយចំនួន ដែលថាចិនប្រើប្រាស់​ឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគេចវេះពីការទទួលខុសត្រូវអន្តរជាតិរបស់ខ្លួន ដ្បិតបើនិយាយអំពីការចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច​របស់ពិភពលោក ព្រមទាំងការបង់ថ្លៃសមាជិកភាពនៅអង្គការសហប្រជាជាតិ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់បេសកកម្មរក្សាសន្តិភាពជាដើមនោះ គឺការចូលរួមចំណែករបស់ប្រទេសចិន មានទំហំលើសដាច់ឆ្ងាយ ធៀបនឹងប្រទេសអភិវឌ្ឍន៍ភាគច្រើនទៅទៀត៕