(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីទៀតទំហំ ២.១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងមីស៉ីល គ្រាប់កាំភ្លើងធំ ដ្រូន និងរ៉ុក្កែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយសព្វាវុធខាងលើស្តែងឱ្យឃើញពីការបន្តប្តេជ្ញាគាំទ្រ ទាំងចំពោះសមត្ថភាពរយៈពេលខ្លី​ដ៏សំខាន់របស់អ៊ុយក្រែន ក៏ដូចជាសមត្ថភាពធុនទ្រាំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីការពារទឹកដីនិងទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ី ក្នុងរយៈពេលវែង។ ជំនួយយោធាថ្មីនេះនាំឱ្យ ទំហំនៃការផ្តល់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន សរុបកើនឡើងដល់ប្រមាណជា ៤០.៤ពាន់លានដុល្លារ គិតចាប់តាំងពីរដ្ឋបាលប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាចកាលពីដើមឆ្នាំ២០២១ ខណៈភាគច្រើននៃជំនួយយោធាទាំងនោះ គឺត្រូវបានផ្តល់ក្រោយពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា សេចក្តីប្រកាសកញ្ចប់ជំនួយយោធាជាង ២ពាន់លានដុល្លារខាងលើ កើតមានឡើងស្របពេលដែលសង្រ្គាមអ៊ុយក្រែន កំពុងឈានដល់​ចំណុចដ៏សំខាន់មួយ ដ្បិតប៉ុន្មានខែចុងក្រោយនេះ ទីក្រុងកៀវបានប្រមូលផ្តុំសព្វាវុធ និងហ្វឹកហាត់កងកម្លាំងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈដើម្បី​បើកយុទ្ធនាការវាយបកលើកងកម្លាំងរបស់រុស្ស៉ី។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសថា យុទ្ធនាការ​វាយបករបស់អ៊ុយក្រែន បានចាប់ផ្តើមហើយ ប៉ុន្តែកងកម្លាំងរុស្ស៉ីទប់ស្កាត់ការវាយលុកបានភាគច្រើន៕