(កៀវ)៖ អាជ្ញាធរក្រុងកៀវនិយាយថា រុស្ស៉ីបានបើកការបាញ់មីស៉ីល និងយន្តហោះដ្រូនលើគោលដៅទូទាំងប្រទេសអ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយសម្លាប់ជនស៉ីវិលចំនួន ៣នាក់នៅក្នុងទីក្រុងអូដេសា (Odesa) នៃតំបន់សមុទ្រខ្មៅព្រមទាំងវាយប្រហារលើអាកាសយានដ្ឋានយោធាតំបន់ប៉ូតាវ៉ា (Poltava)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។

កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា មានការវាយប្រហារដោយមីស៉ីលចំនួន ៨គ្រឿង និងយន្តហោះដ្រូនចំនួន ៣៥គ្រឿងពីសំណាក់កងកម្លាំងរុស្ស៉ី ដែលក្នុងនោះអង្គភាពការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ដ្រូនចំនួន ២០គ្រឿង និងមីស៉ីល ២គ្រឿង។

អ្នកនាំពាក្យបញ្ជាការយោធាភាគខាងត្បូង លោកស្រី ណាតាលីយ៉ា ហ៊ូមិននូក (Natalia Humeniuk) បាននិយាយអំពីការវាយប្រហារលើទីក្រុង Odesa ថាជនស៊ីវិល ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ២៧នាក់ផ្សេងទៀតរួមទាំងកុមារ ៣នាក់ទៀតរងរបួស។

គួរបញ្ជាក់ថា នេះគឺជាការបង្កើនការវាយប្រហារចុងក្រោយបំផុតពេញមួយយប់របស់រុស្ស៉ីលើអ៊ុយក្រែន ចំពេលដែលទីក្រុងកៀវ កំពុងកំណត់គោលដៅវាយលុកដ៏ធំរបស់ខ្លួន។