(ហាណូយ)៖ សហរដ្ឋអាមេរិកនិងប្រទេសវៀតណាមនៅថ្ងៃចន្ទនេះ បានរួមគ្នាព្រមានប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងបាយ នៅតំបន់សមុទ្រចិនខាងត្បូង ជាទីដែលមានបញ្ហាវិវាទទឹកដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វូចុង (Nguyen Phu Trong) បានលើកឡើងថា បញ្ហានៃការទាមទារអធិបតេយ្យនៅតំបន់សមុទ្រចិនខាងត្បូង ចាំបាច់ត្រូវតែដោះស្រាយនៅក្រោមបទដ្ឋានអន្តរជាតិ។ លោក បៃដិន និងលោក ចុង បានសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍រួមថា មេដឹកនាំអាមេរិក-វៀតណាម នៅតែប្រកាន់ជំហរគាំទ្រឥតងាករេ ចំពោះ​ការស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់បញ្ហាជម្លោះ ស្របតាមច្បាប់អន្តរជាតិ និងដោយពុំមានការគំរាមកំហែង ឬការប្រើប្រាស់​កម្លាំងបាយឡើយ។

សេចក្តីថ្លែងការណ៍ខាងលើធ្វើឡើង មួយថ្ងៃបន្ទាប់ពីលោក បៃដិន និងលោក ចុង បានចុះកិច្ចព្រមព្រៀង ដើម្បីធ្វើឱ្យ​កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែស៉ីជម្រៅខ្លាំងថែមទៀត ខណៈវាត្រូវគេមើលឃើញថា គឺជាកិច្ចប្រឹងប្រែងមួយដើម្បីព្យាយាម​ទល់ទល់ ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេស ដែលទាមទារចំណែកនៅសមុទ្រចិនខាងត្បូង ផងដែរ។

គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូងជាតំបន់ផ្លូវទឹកយុទ្ធសាស្រ្តមួយ ដែលលំហូរពាណិជ្ជកម្មទំហំរហូតដល់ខ្ទង់ទ្រីលានដុល្លារ ត្រូវឆ្លងកាត់ក្នុង ១ឆ្នាំៗ។ ភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជាពិសេសរវាងចិននិងហ្វីលីពីន ជុំវិញវត្តមាននាវាចម្បាំងច្រែះចាប់មួយគ្រឿង ដែលហ្វីលីពីនបានយកទៅទុកចោលនៅទីនោះ តាំងពីយូរមកហើយ៕