(ប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងសេសសល់ពីព្យុះទីហ្វុងហៃគូអ៉ិ (Haikui) បានបន្តវាយលុកភាគខាងត្បូងប្រទេសចិនអស់រយៈពេល ៧ថ្ងៃមកហើយ ខណៈកំពុងរំកិលសន្សឹមៗចេញពីឆ្នេរសមុទ្រនៃខេត្តខ្វាងទុង (Guangdong) ទៅកាន់ខេត្តគ័ងស៉ី (Guangxi) បណ្តាលឲ្យជន់លិចតំបន់ទំនាប និងផ្លូវធ្វើដំណើររបស់អ្នកស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទថា នៅតំបន់ជនបទបូប៉ាយ (Bobai) ក្នុងខេត្តគ័ងស៉ី ក្រុមជួយសង្គ្រោះបានព្យាយាម ជម្លៀសមនុស្សទៅកាន់កន្លែងសុវត្ថិភាព គិតចាប់តាំងពីយប់ថ្ងៃអាទិត្យមក (ម៉ោងក្នុងតំបន់) ខណៈដែលផ្ទះទាបៗរបស់អ្នកស្រុក ត្រូវលិចលង់ក្នុងទឹកជម្រៅជាង ២ម៉ែត្រ។ រីឯ នៅតំបន់ភ្នំ បំណាក់ដីបានបំផ្លាញផ្លូវថ្នល់ និងស្ពាន។ របាយទឹកភ្លៀងមានកម្រិតជាង ៥១១មីលីម៉ែត្រ ដែលច្រើនជាងមួយភាគបួននៃរបាយទឹកភ្លៀងប្រចាំឆ្នាំសម្រាប់តំបន់នោះ។

ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះទីហ្វុងដែលកំពុងវាយលុកប្រទេសចិនកាន់តែខ្លាំង បានបង្កើនហានិភ័យនៃគ្រោះមហន្តរាយ សូម្បីតែនៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជាស៉ិនចិន (Shenzhen) ដែលតែងតែទទួលរងនូវឥទ្ធិពលព្យុះស៊ីក្លូន ហើយដែលមានសមត្ថភាពការពារទឹកជំនន់យ៉ាងរ៉ឹងមាំ រួចទៅហើយនោះ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង Haikui បានចុះខ្សោយឥទ្ធិពលទៅជាព្យុះត្រូពិក បន្ទាប់ពីបោកបក់ទៅដល់ខេត្តហ្វូជៀន កាលពីថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែកម្លាំងខ្យល់បក់ដែលនៅសល់នៃព្យុះ បានបន្តបំផ្លិចបំផ្លាញភាគខាងត្បូងប្រទេសចិន ដោយទីក្រុងស៉ិនចិន ត្រូវជន់លិចដោយភ្លៀងធ្លាក់ខ្លាំងបំផុត ចាប់តាំងពីមានកំណត់ត្រាឆ្នាំ១៩៥២។ រីឯ ទីក្រុងហុងកុងដែលនៅជាប់ស៉ិនចិន ក៏ត្រូវទទួលរងនូវព្យុះដ៏អាក្រក់បំផុតមិនធ្លាប់មានផងដែរ ក្នុងរយៈពេល ១៤០ឆ្នាំ៕