(ម៉ានីល)៖ មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងព្យាយាមស្វែងករក សិទ្ធិប្រើប្រាស់មូលដ្ឋានយោធាបន្ថែមទៀត នៅប្រទេសហ្វីលីពីនក្រោមកិច្ចព្រមព្រៀងការពារជាតិរវាងប្រទេស​ទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងឆ្នាំនេះ ហ្វីលីពីនបានបង្កើនចំនួនមូលដ្ឋានយោធារបស់ខ្លួន ដែលកងទ័ពអាមេរិកមានសិទ្ធិប្រើប្រាស់ ពី៥កន្លែងឡើងដល់៩កន្លែង។ វាគឺជាសកម្មភាព ដែលត្រូវគេមើលឃើញថា មានគោលដៅដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ ខណៈទីក្រុងប៉េកាំង​ចាត់ទុកវាថាជា ទង្វើបង្កហេតុហើយអាចបង្កើនភាពតានតឹង។ នាយឧត្តមនាវីអាមេរិក លោក ចន អាគ្វីលីណូ (John Aquilino) បាននិយាយថា រូបលោកនិងលោក រ៉ូមីអូ ប្រោនណឺ (Romeo Brawner) ដែលជាប្រមុខយោធាហ្វីលីពីន ទើបតែពិភាក្សាគ្នាថែមទៀត​ស្តីពីការបង្កើនចំនួនមូលដ្ឋានយោធានៅប្រទេសហ្វីលីពីន ដែលកងទ័ពអាមេរិកមានសិទ្ធិប្រើប្រាស់ នៅក្រោមកិច្ចព្រមព្រៀងការពារជាតិ EDCA។

លោក Aquilino បានលើកឡើងថា រូបលោកឪនិងលោក Brawner បានផ្តល់អនុសាសន៍ទៅកាន់ថ្នាក់លើរៀងៗខ្លួន ដើម្បីពិចារណា​លើសិទ្ធិប្រើប្រាស់មូលដ្ឋានយោធាបន្ថែម ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការធ្វើប្រតិបត្តិការរបស់យោធាអាមេរិក នៅក្នុងប្រទេសអាស៊ានមួយនេះ គឺក្រោមការអញ្ជើញរបស់ភាគីហ្វីលីពីនផ្ទាល់។

គួរបញ្ជាក់ថា ភាពជិតស្និទ្ធគ្នាឡើងវិញ នៃទំនាក់ទំនងការពារជាតិរវាងអាមេរិកនិងហ្វីលីពីន បានបង្កឱ្យចិនកើតមានក្តីបារម្ភថា ទីក្រុងវ៉ាស៉ីនតោន តាមពិតផ្តោតលើបញ្ហាកោះតៃវ៉ាន់ ក្នុងកិច្ចប្រឹងប្រែងបង្កើនវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់។ រីឯអាមេរិកបានអះអាងថា វាខ្លួនមានបំណងពង្រឹងសម្ព័ន្ធភាពដែលរឹងមាំរួចស្រាប់ និងជួយបង្កើនសមត្ថភាពការពារជាតិ របស់ប្រទេសហ្វីលីពីន៕