(ប៉េកាំង)៖ រសៀលថ្ងៃទី១៣ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Nicolás Maduro Moro ប្រធានាធិបតីវ៉េណេស៊ុយអេឡាដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនងរវាងចិននិងវ៉េណេស៊ុយអេឡា ឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់កាលៈទេសៈ។

លោក Xi Jinping បានលើកឡើងថា ចិននិងវ៉េណេស៊ុយអេឡាជាមិត្តល្អដែលអាចជឿទុកចិត្តគ្នាទៅវិញទៅមក និងជាដៃគូល្អដែលអភិវឌ្ឍន៍ជាមួយគ្នា ។ ភាគីទាំងពីរគួរតែជំរុញឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង ចិននិងវ៉េណេស៊ុយអេឡាទទួលបានសមិទ្ធផលកាន់តែច្រើន ដែលនាំមកនូវសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបំពេញបន្ថែមកម្លាំងវិជ្ជមានកាន់តែច្រើនសម្រាប់សន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។

លោក Nicolás Maduro Moro បានថ្លែងថា ភាគីវ៉េណេស៊ុយអេឡាគាំទ្រយ៉ាងសកម្មនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយប្រធានរដ្ឋចិន Xi Jinping ។ ភាគីវ៉េណេស៊ុយអេឡារីករាយបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនក្នុងក្របខ័ណ្ឌពហុភាគី ដូចជាអង្គការសហប្រជាជាតិនិងយន្តការប្រទេស BRICS ជាដើម ដើម្បីគាំពារពហុភាគីនិយមនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន