(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ១៧ ខែកញ្ញានេះបានរាយការណ៍ពីការបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់អ៊ុយក្រែន នៅឯជាយទីក្រុងមូស្គូ និង៦គ្រឿងផ្សេងទៀត នៅតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើ Telegram ក្រសួងការពារជាតិរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «នៅម៉ោង១៖៤៥នាទីរំលងអធ្រាត្រ យន្ដហោះដ្រូន មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅស្រុកអ៉ីស្រ្ទីនស្គី (Istrinsky) នៃទីក្រុងមូស្គូ»។ ចំណែក ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) ក៏បានឱ្យដឹងក្នុងការបង្ហោះដាច់ដោយឡែកមួយលើ Telegram ដែរថាបើតាមព័ត៌មានបឋម មិនមានការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ នៅឯទីតាំងដែលបំណែកយន្ដហោះដ្រូនធ្លាក់»

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះដ្រូន ២គ្រឿងរបស់អ៊ុយក្រែន ក៏ត្រូវបានកម្ទេចផងដែរ នៅឯឆ្នេរភាគខាងលិចនៃតំបន់ គ្រីមៀ នៅម៉ោង១៖១៥នាទីរំលងអធ្រាត្រ ខណៈ៤គ្រឿងផ្សេងទៀតត្រូវបានចាប់សញ្ញា និងកម្ទេច នៅចន្លោះពីម៉ោង១៖៤៥ និងម៉ោង ២៖២០ រំលងអធ្រាត្រ។

ចាប់តាំងពីអ៊ុយក្រែន បើកប្រតិបត្តិការវាយបករបស់ខ្លួន កាលពីដើមខែមិថុនាមក ទីក្រុងមូស្គូ តំបន់គ្រីមៀ និងទឹកដីរុស្ស៉ីមួយចំនួននៅក្បែរព្រំដែន ជាមួយអ៊ុយក្រែន បានរងការវាយប្រហារដោយយន្ដហោះដ្រូនឥតឈប់ឈរ ដោយមានពេលខ្លះការវាយប្រហារទាំងនេះបានបង្កការខូចខាតដល់ អគារជាច្រើន ក្នុងនោះរួមមានទាំងនៅក្នុងទីក្រុងមូស្គូតែម្ដង៕