(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះបាននិយាយថាយន្ដហោះចម្បាំងចិន ២៨គ្រឿងបានហោះហើរនៅក្បែរដែនកោះរបស់ខ្លួន ហើយ ក្នុងនោះភាគច្រើននៃយន្ដហោះចម្បាំងទាំងនេះបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

យន្ដហោះចម្បាំងចិន ២០គ្រឿង ក្នុងចំណោមយន្តហោះចម្បាំងទាំង២៨គ្រឿងដែលត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃអាទិត្យនេះ បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល ដែលពុះចែករវាងចិន និងតៃវ៉ាន់ ព្រមទាំងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនៅភាគអាគ្នេយ៍ និងភាគនិរតីកោះតៃវ៉ាន់។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដែរថាចិនបាន និងកំពុងដឹកនាំបេសកកម្មរយៈចម្ងាយឆ្ងាយ និងការបណ្ដុះបណ្ដាល តែមិនបានបញ្ជាក់លម្អិត នោះទេ ដោយគ្រាន់តែបន្ថែមថាយោធារបស់ខ្លួន កំពុងតាមដានស្ថានការណ៍ជាមួយការដាក់ពង្រាយយន្ដហោះ និងនាវាល្បាត។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលចិនចាត់ទុកថាជាខេត្តមួយរបស់ខ្លួន បានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួន តាំងតែពីសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថាកងទ័ពចិនកំពុងប្រុងជើងការខ្ពស់ ក្រោយនាវាចម្បាំង ២គ្រឿងរបស់សហរដ្ឋអាមេរិក និងកាណាដាធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ក្នុងខែកញ្ញានេះ។ យន្ដហោះចម្បាំងចិន ៦៨គ្រឿង និងនាវាចម្បាំង ១០គ្រឿង ត្រូវបានប្រទះឃើញជុំវិញកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធ និងកាលពី ព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕