(មូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បានជិះរថភ្លើងពាសដែករបស់លោកចាកចេញពីប្រទេសរុស្ស៉ី ត្រឡប់ ទៅកាន់កូរ៉េខាងជើងវិញហើយ បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី រីយ៉ា ណូវ៉ូស្ទី (Ria Novosti) បានចេញផ្សាយវីដេអូបង្ហាញពីដំណើរចាកចេញរបស់លោក គីម ហើយក៏មានការរៀបចំពិធីជូន ដំណើរមេដឹកនាំកូរ៉េខាងជើងរូបនេះដែរ នៅឯស្ថានីយរថភ្លើង អាទីអូម ព្រីម័រស្គី វ័ន (Artyom-Primorsky-1) ខណៈទីភ្នាក់ងារសារព័ត៌មាន TASS រាយការណ៍ថារថភ្លើងរបស់លោក គីម ចេញដំណើរក្នុងចម្ងាយផ្លូវ ២៥០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី និងកូរ៉េខាងជើង។

បន្ថែមពីលើនេះ TASS ក៏បានឱ្យដឹងដែរថាលោក គីម ជុងអ៊ុន ទទួលបានយន្ដហោះដ្រូនអត្តឃាតចំនួន ៥គ្រឿង និងយន្ដហោះដ្រូនស៊ើបការណ៍ Geran-25 មួយគ្រឿង។ បើតាម TASS អភិបាលរុស្ស៉ីនៃតំបន់ ព្រីម៉ូរី (Primorye) ស្ថិតនៅជាប់ព្រំដែនជាមួយចិន និងកូរ៉េខាងជើង ក៏បានផ្ដល់អាវក្រោះការពារ គ្រាប់កាំភ្លើងជាអំណោយដល់លោក គីម ផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅរុស្ស៉ីរបស់លោក គីម ជុងអ៊ុន ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ចាប់តាំងពីការឆ្លង រាលដាលកូវីដ១៩មក បានបង្កឱ្យមានការព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិចថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង អាចនឹងចុះកិច្ចព្រមព្រៀងអាវុធ នឹងគ្នា។ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក គីម បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី នៅឯទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលលោកបានទស្សនា អាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។ ប៉ុន្តែ វិមានក្រឹមឡាំងបានអះអាងថាមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបាន ចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន និងក្នុងជំនួបជាមួយលោក ពូទីន ឡើយ៕