(លីប៊ី)៖ គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រជាជនដែលបាត់បង់ផ្ទះសម្បែង ក្នុងទឹកជំនន់នៅទីក្រុងដឺណា (Derna) ភាគខាងកើត ប្រទេសលីប៊ី កាលពីមួយសប្តាហ៍មុន បាន និងកំពុងប្រឈមមុខថាតើត្រូវបន្តស្នាក់នៅដោយប្រថុយនឹងការឆ្លងជំងឺ ឬចាកចេញពីតំបន់របស់ពួកគេ ដោយត្រូវប្រថុយគ្រោះថ្នាក់ឆ្លងកាត់តំបន់គ្រាប់មីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

អាជ្ញាធរ​លីប៊ី​ បាន​បញ្ជាក់​ថា មនុស្សចំនួន ​១៥០​នាក់​​បាន​ពុល​ទឹក​កខ្វក់​ក្នុង​តំបន់​​រងគ្រោះ​ដោយ​ទឹកជំនន់។ រីឯអ្នកនៅរស់នៅគ្មានផ្ទះសម្បែង កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នដូចជា សាលារៀន ឬនៅតាមផ្ទះរបស់សាច់ញាតិ ឬមិត្តភក្តិរបស់ពួកគេ។ ទឹកជំនន់ក៏បានបំលាស់ ទីគ្រាប់មីន និងយុទ្ធភណ្ឌផ្សេងទៀតដែលនៅសេសសល់ពីជម្លោះរយៈពេលជាច្រើនឆ្នាំ ដោយបង្កជាហានិភ័យថែមទៀតដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវផ្លាស់ទីលំនៅ។

គួរបញ្ជាក់ថា មនុស្ស១១,៣០០នាក់បានស្លាប់ បន្ទាប់ពីទំនប់ទឹកចំនួន ២ នៅផ្នែកខាងលើទីក្រុង Derna បានបាក់កាលពីថ្ងៃទី១០ ខែកញ្ញា អំឡុង ពេលមានព្យុះដ៏ខ្លាំងក្លាមួយ បណ្តាលឲ្យប្លុកលំនៅដ្ឋានដួលរលំ។ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា សាកសពជាង ១,០០០នាក់ ហើយត្រូវបានកប់នៅក្នុងផ្នូរដ៏ធំមួយ៕