(មូស្គូ)៖ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃចន្ទនេះថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរុស្ស៉ី បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយបើកការឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយលើកឡើងនូវ «ការបង្ក្រាបជាប្រព័ន្ធ» លើអង្គការសង្គមស៉ីវិល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមច្បាប់ចម្លងនៃរបាយការណ៍មួយដែល Reuters ទទួលបាន «អាជ្ញាធររុស្ស៉ីកាត់បន្ថយយ៉ាងខ្លាំងលើសេរីភាពរបស់សមាគម ការជួបជុំគ្នាដោយសន្តិវិធី និងការបញ្ចេញមតិនានាទាំងនៅក្នុង និងក្រៅបណ្តាញអ៉ីនធឺណេត ព្រមទាំងបានប៉ះពាល់ដល់ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ និងការធានាបានូវការកាត់ក្តីប្រកបដោយយុត្តិធម៌»

របាយការណ៍ដដែលបន្ថែមថា «ទំហំនៃទណ្ឌកម្មរដ្ឋបាលកំពុងអនុវត្តទៅតាមអំពើចិត្តលើក្រុមប្រឆាំង និងការប្រើកម្លាំងបង្រ្កាបបាតុកម្មសន្តិវិធី»

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលក្រុមប្រឹក្សាសិទ្ធិមនុស្ស អនុញ្ញាតឲ្យមានការពិនិត្យមើលកំណត់ត្រាសិទ្ធិរបស់សមាជិកអចិន្ត្រៃយ៍របស់ UN លើផ្នែកសន្តិសុខ។ ភ្លាមៗ មិនទាន់មានការឆ្លើយតបពីបេកកម្មការទូតរុស្ស៉ីប្រចាំទីក្រុងហ្សឺណែវនោះទេ៕