(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១៧ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើកពិព័រណ៏ចិន-អាស៊ានលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ច និងវិនិយោគចិន-អាស៊ាននៅក្រុងណានីង ភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ី ព្រមទាំងថ្លែងសុន្ទរកថា ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូណេស៊ី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងលោកកៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រមនិងតំណាងមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិននិងប្រទេសអាស៊ានជាដើម សរុបប្រហែល១២០០នាក់បានចូលរួមពិធីបើកពិព័រណ៍លើកនេះ។

ថ្លែងក្នុងពិធីបើក លោក Li Qiang បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងអាស៊ានបានក្លាយជាគំរូដ៏ជោគជ័យបំផុត និងមានភាពរស់រវើកបំផុតក្នុងកិច្ចសហប្រតិបតិ្តការ នៅតំបន់អាស៊ីប៉ាស៊ីកហ្វិករួចហើយ សភាពការណ៍ដ៏ល្អប្រសើរនៃទំនាក់ទំនង រវាងចិននិងអាស៊ានគឺបានមកដោយមិនងាយទេ ដែលបានប្រមូលផ្តុំនូវកិច្ចខិតប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ក្នុងនោះធាតុពិតនិងខ្លឹមសារជាស្នូលគឺទស្សនៈស្តីពីភាពជិតស្និទ្ធ ស្មោះត្រង់ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបរិយាប័ន្នដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន។ ពួកយើងគួរតែខិតខំប្រឹងប្រែង បង្កើតបរិយាកាសដ៏ល្អប្រសើរ ដែលមានអំណោយផលដល់ការអភិវឌ្ឍ វិបុលភាព សន្តិភាពនិងសុខសាន្តត្រាន ធ្វើឱ្យការអភិវឌ្ឍរបស់បណ្តាប្រទេសនានាអាចបង្កើត សុខសុភមង្គលកាន់តែច្រើនដល់ប្រទេសជិត ខាងនិងប្រជាជនក្នុងតំបន់។

ថ្លែងក្នុងសុន្ទរកថា អ្នកដឹកនាំនៃប្រទេសអាស៊ាន ដែលបានចូលរួមពិធីបើកបានថ្លែងថា ប្រទេសអាស៊ានបានកោតសរសើរខ្ពស់ ចំពោះទស្សនៈស្តីពីភាពជិតស្និទ្ធ ស្មោះត្រង់ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបរិយាប័ន្នដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន និងការរួមចំណែកដ៏សំខាន់របស់ចិនក្នុងការជំរុញសន្តិភាព និងភាពរុងរឿងក្នុងតំបន់ រីករាយបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន បើកទូលាយទីផ្សារថែមមួយកម្រិតទៀត បង្កើនការតភ្ជាប់គ្នានិងការពឹងផ្អែកគ្នាទៅវិញទៅមក បន្តជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រឆាំងការគាំពារនិយាម ក្នុងន័យចាប់ដៃគ្នាទប់ទល់នឹងការប្រឈមជាសកល ដូចជាសន្តិសុខស្បៀងអាហារនិងបម្រែបម្រួលអាកាសធាតុជាដើម ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន