(ញូវយ៉ក)៖ បណ្ដាមេដឹកនាំមកពីជុំវិញពិភពលោក នឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ថា UNGA ក្នុងឆ្នាំ២០២៣នេះត្រូវបានគេពឹងថានឹងផ្តោតជាសំខាន់លើ ការប្រែប្រួលអាកាសធាតុ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់ UN និងសង្រ្គាមនៅអ៊ុយក្រែន ចំពោះមុខស្ថានការណ៍ភូមិសាស្ត្រនយោបាយសកលកាន់តែ ឡើងកម្ដៅ ក្នុងបរិបទចិន រុស្ស៉ី និងសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកការគាំទ្រពីបណ្ដាប្រទេសមកពីក្រុមប្រទេសលោកខាងត្បូង (Global South)។

* អ្វីទៅជាមហាសន្និបាតអង្គការសហប្រជាជាតិ?
មហាសន្និបាតអង្គការសហប្រជាជាតិ ឬហៅកាត់ថា UNGA គឺជាស្ថាប័នតំណាងជាសកលតែមួយគត់របស់អង្គការសហប្រជាជាតិ។ ស្ថាប័នធំៗផ្សេងទៀត រួមមាន ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម លេខាធិការដ្ឋាន និងតុលាការយុត្តិធម៌អន្តរជាតិ។ ដូចដែលមានចែងនៅក្នុងធម្មនុញ្ញ UN UNGA មានភារកិច្ច ពិភាក្សា ជជែកដេញដោល និងដាក់ចេញអនុសាសន៍ស្ដីពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងនោះរួមមាន ការអភិវឌ្ឍ ការរំសាយអាវុធ សិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងមជ្ឈត្ដវិនិច្ឆយលើជម្លោះរវាងរដ្ឋ និងរដ្ឋដោយសនិ្តវិធី។

UNGA គឺជាអ្នកជ្រើសរើសសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UN ព្រមទាំងស្ថាប័ន ឬទីភ្នាក់ងាររបស់ UN ដទៃទៀតរួមមានក្រុមប្រឹក្សាសិទ្ធិមនុស្ស (HRC) និងតែងតាំងអគ្គលេខាធិការ UN ផ្អែកលើអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខ។ UNGA មានតួនាទីពិនិត្យលើរបាយការណ៍នានាពីសេនាធិការទាំង៤ របស់ UN វាយតម្លៃស្ថានការណ៍ហិរញ្ញវត្ថុនៃរដ្ឋជាសមាជិក និងអនុម័តកញ្ចប់ថវិកា UN ក៏ដូចជាតួនាទីចម្បងរបស់ UN ព្រមទាំងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខ ដើម្បីតែងតាំងចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ។

​* តើសមាជិកភាព UNGA មានលក្ខណៈដូចម្ដេច?
សមាជិក UN ទាំងអស់មាន ១៩៣ប្រទេស និងមានសំឡេងឆ្នោតម្នាក់មួយៗ នៅក្នុងមហាសន្និបាត UN។ ប្រធានមហាសន្និបាត UN ត្រូវផ្លាស់ប្ដូរជារៀងរាល់ សម័យប្រជុំប្រចាំឆ្នាំ ហើយមហាសន្និបាតគឺជាអ្នកជ្រើសរើសប្រធានដោយខ្លួនឯង។ សព្វថ្ងៃ ប្រធានមហាសន្និបាត UN សម័យប្រជុំទី៧៨ គឺលោក Dennis Francis ដែលបានចំណាយពេលជិត ៤០ឆ្នាំ ក្នុងនាមជាអ្នកការទូត និងបច្ចុប្បន្នកាន់តួនាទីជាតំណាងពាណិជ្ជកម្មអចិន្ត្រៃយ៍នៃប្រទេស Trinidad and Tobago ប្រចាំ UN។ ប្រធានមហាសន្និបាតមានអំណាចអនុវត្តក្រមនីតិវិធីដូចជាការបើកការជជែកដេញដោល តាក់តែងរបៀបវារៈ កំណត់រយៈពេលថ្លែងសុន្ទករថាសម្រាប់ តំណាងប្រទេសនីមួយៗ និងផ្អាក ឬលើកពេលការជជែកដេញដោល។ ប៉ុន្តែ ប្រធានមហាសន្និបាតមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានដើរលើស តួនាទីទាំងនេះដោយអញ្ជើញមន្ត្រី​ UN ឱ្យឡើងធ្វើបទបង្ហាញខ្លីៗជូនមហាសន្និបាត ហើយការធ្វើបែបនេះតែងតែបង្កការប្រឆាំងពីរដ្ឋជាសមាជិកមួយចំនួន។ ជាឧទាហរណ៍ ក្នុងឆ្នាំ២០១១ អតីតប្រធានមហាសន្និបាត លោក ណាសៀត អាប់ឌុលអាស៊ីស អាល់ណាស័រ (Nassir Abdulaziz al-Nasser) បានអញ្ជើញ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សធ្វើបទបង្ហាញខ្លីៗជូនរដ្ឋជាសមាជិកទាំងអស់ជុំវិញសង្រ្គាមស៊ីវិលនៅស៊ីរី បើទោះជាមានការប្រឆាំងពីសំណាក់ក្រុមប្រទេស គាំទ្ររដ្ឋាភិបាលស៊ីរីក៏ដោយ។

រឿងសមាជិកភាពក៏មានភាពចម្រូងចម្រាសគួរឱ្យកត់សម្គាល់ផងដែរ។ តួយ៉ាង តៃវ៉ាន់ត្រូវបានបដិសេធសមាជិកភាព UN អស់រយៈពេលច្រើនជាង ២ទសវត្សរ៍ មកហើយដោយសារតែការជំទាស់ពីចិន ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ​ UN ហើយចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន។ ក្នុងឆ្នាំ២០១៨ ក្រុមមន្ត្រីតៃវ៉ាន់ បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការមហាសន្និបាតក្នុងទីក្រុងញូវយ៉ក ដើម្បីធ្វើការកត់សម្គាល់ពីការបំពេញលក្ខខណ្ឌមួយចំនួននៃគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពរបស់ UN ឬ SDG របស់កោះតៃវ៉ាន់ ដែលត្រូវបានគេមើលឃើញថានេះជាផ្នែកមួយនៃកិច្ចខិតប្រឹងប្រែងចង់ក្លាយជាសមាជិកទីភ្នាក់ងារ របស់ UN។ ចំណែក សមាជិកភាពរបស់ប៉ាឡេស្ទីន អាហ្វហ្កានីស្ថានក្រោមរបបដឹកនាំតាលីបង់ និងមីយ៉ាន់ម៉ាក្រោមរបបសឹកក៏មានភាពចម្រូងចម្រាសដែរ។

សហរដ្ឋអាមេរិក ដែលជាខ្នងបង្អែករបស់អ៉ីស្រាអែល តែងតែព្រមានប្រើអំណាចវេតូប្រឆាំងនឹងការផ្ដល់សមាជិកភាព UN ទៅឱ្យប៉ាឡេស្ទីន ហើយក្នុងឆ្នាំ២០១២ រដ្ឋជាសមាជិកមហាសន្និបាតបានអនុម័តដំណោះស្រាយមួយក្នុងសំឡេងគាំទ្រ ១៣៨ ទល់នឹង៩សំឡេងជំទាស់ ជាមួយសំឡេងអនុបវាទចំនួន ៤១ ក្នុងការធ្វើ បច្ចុប្បន្នភាពឋានៈរបស់ប៉ាឡេស្ទីនពី «ស្ថាប័នអង្កេតការណ៍មិនមែនជាសមាជិក» ទៅជា «រដ្ឋអង្កេតការណ៍មិនមែនជាសមាជិក»។ ការផ្លាស់ប្ដូររបបដឹកនាំក៏បាន បង្កជាបញ្ហាប្រឈមសម្រាប់សមាជិកភាព UN ដែរ។ ជាក់ស្ដែង ក្រោយមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី ដោយ ថ្វីដៃយោធាមីយ៉ាន់ម៉ា តំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិនៃអតីតរដ្ឋាភិបាលលោកស្រី ស៊ូជី បានបដិសេធលាលែងពីតំណែង ទោះជារបបសឹក ប្រកាសដករូបលោកចេញពីតួនាទីក៏ដោយ។ ចំណែក អាហ្វហ្កានីស្ថានវិញក៏មិនទាន់មានតំណាងស្របច្បាប់នៅ UN នោះដែរ ដ្បិតរដ្ឋាភិបាលដឹកនាំដោយ ក្រុមតាលីបង់មិនទាន់ត្រូវបានអន្តរជាតិទទួលស្គាល់។

​* តើមហាសន្និបាតចាំបាច់ត្រូវធ្វើកំណែទម្រង់ដែរទេ?
ក្រុមអ្នកជំនាញស្ដីពីអង្គការសហប្រជាជាតិ យល់ថាមហាសន្និបាតចាំបាច់ត្រូវតែធ្វើកំណែទម្រង់ ដើម្បីឱ្យមហាសន្និបាតមានភាពរស់រវើក និងបង្កើនអំណាចរបស់ ខ្លួនអាចស៊ីសងជាមួយក្រុមប្រឹក្សាសន្តិសុខបាន សំដៅបង្កើតនីតិវិធីសម្រាប់ការតែងតាំងស្ថាប័នប្រតិបត្តិការ UN ឱ្យកាន់តែមានតម្លាភាពជាងមុន និងធ្វើឱ្យការជជែក ពិភាក្សាកាន់តែមានគុណភាព។ ជាទូទៅ មហាសន្និបាត UN ត្រូវបានក្រុមអ្នករិះគន់ចាត់ទុកថាគ្រាន់តែជាស្ថាប័នបង្រ្គប់កិច្ចមួយប៉ុណ្ណោះ ដ្បិតកិច្ចការធំៗរបស់ ពិភពលោក គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលមានមហាអំណាចចំនួន៥ ជាសមាជិកអចិន្ត្រៃយ៍ និងមានអំណាចវ៉េតូ ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៉ី បារាំង និងចក្រភពអង់គ្លេស។

* តើធ្លាប់មានរដ្ឋជាសមាជិក UN ទទួលរងទណ្ឌកម្មពីមហាសន្និបាត ទេ?
មហាសន្និបាត UN មានអំណាចដើម្បីថ្កោលទោស ឬរិះគន់រាល់ទង្វើទាំងឡាយណាដែលបំពានលើធម្មនុញ្ញ UN។ ជាឧទាហរណ៍ មហាសន្និបាតអាចហាមឃាត់ ប្រទេសណាមួយពីការបម្រើការនៅក្នុងទីភ្នាក់ងារ ឬស្ថាប័នរបស់ UN និងបណ្ដេញប្រទេសណាមួយចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ប្រសិនបើពួកគេប្រព្រឹត្ត អំពើឃោរឃៅរំលោភសិទ្ធិមនុស្សដូចជានៅមីយ៉ាន់ម៉ា និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។

ជាឧទារណ៍ថ្មីៗបំផុត នោះគឺរុស្ស៉ីដែលបានក្លាយជាផ្ទាំងស៊ីបនៃដំណោះស្រាយរបស់មហាសន្និបាត។ ក្នុងឆ្នាំ២០១៤ មហាសន្និបាតបានអនុម័តដំណោះស្រាយមួយ ដែលមិនមានលក្ខខណៈចាប់បង្ខំ ក្នុងសំឡេងគាំទ្រ ១០០ ទល់នឹង១សំឡេងជំទាស់ និង៥៨អនុបវាទ ដោយប្រកាសថាការក្រសោបយកតំបន់គ្រីមៀ ពីសំណាក់ រុស្ស៉ីជាទង្វើខុសច្បាប់។ នៅពេលរុស្ស៉ីឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មហាសន្និបាតបានកោះសម័យប្រជុំបន្ទាន់ និងបានបោះឆ្នោត ក្នុងសំឡេងគាំទ្រ ១៤១ ទល់នឹង៥សំឡេងជំទាស់ និង៣៥សំឡេងអនុបវាទ ដើម្បីថ្កោលទោសការឈ្លានពាន និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន ជាបន្ទាន់។ ក្រោយមកទៀត មហាសន្និបាតបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៉ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ខណៈលីប៊ីធ្លាប់ជាប្រទេសចុងក្រោយគេដែលបាត់បង់អាសនៈ នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះកាលពីឆ្នាំ២០១១។

* តើអ្វីទៅជាសកម្មភាពគួរឱ្យកត់សម្គាល់របស់មហាសន្និបាត?
លោក Donald McHenry ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា «មហាសន្និបាត UN មិនមែនជាស្ថាប័នមួយធ្វើសកម្មភាព ជាក់ស្ដែងនោះទេ ពោលគឺគ្រាន់តែមហាសន្និបាតមួយប៉ុណ្ណោះ។ តែទោះជាបែបនេះក្ដី ដំណោះស្រាយរបស់មហាសន្និបាតនៅតែមានសារៈសំខាន់ និងជាសូចនាករ មួយបញ្ជាក់ពីគោលជំហរនៃរដ្ឋជាសមាជិកលើបញ្ហានានារបស់សកលលោក ក៏ដូចជាដាក់ចេញនូវគោលការណ៍ និងលើកឡើងនូវគំនិតផ្ដួចសម្រាប់រដ្ឋជាសមាជិក ទាំងអស់។ សកម្មភាពគួរឱ្យកត់សម្គាល់របស់មហាសន្និបាតដែលត្រូវបានគេមើលឃើញថាមានឥទ្ធិពល និងបង្កជាភាពចម្រូងចម្រាសផងនោះរួមមានដូចជា សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (Universal Declaration of Human Rights) ដំណោះស្រាយរួបរួមគ្នាដើម្បីសន្តិភាព (Uniting for Peace Resolution) សេក្ដីប្រកាសសហសវត្សរ៍ (Millennium Declaration) និងដំណោះស្រាយ «Zionism Is Racism» Resolution ដែលត្រូវបានអនុម័តក្នុង ឆ្នាំ១៩៧៥ និងកំណត់ថា Zionism ឬចលនាអ្នកជាតិនិយមជនជាតិជី្វហ្វ គឺជាទម្រង់មួយនៃការរើសអើងពូជសាសន៍។ ប៉ុន្តែ អ៉ីស្រាអែល បានចាត់ទុក ដំណោះស្រាយនេះថាជាការសាបព្រោះការស្អប់ខ្ពើម ហើយអតីតឯកអគ្គរដ្ឋទូតអ៉ីស្រាអែល លោក Chaim Herzog បានហែកសេចក្ដីចម្លងនៃដំណោះស្រាយនេះ ចោលទៀតផង។ នៅទីបំផុតទៅ ដំណោះស្រាយនេះត្រូវបានទុកជាមោឃៈក្នុងឆ្នាំ១៩៩១៕