(វ៉ាស៉ីនតោន)៖ ផ្អែកលើប្រភពដែលខ្លួនទទួលបាន កាសែតអាមេរិក Wall Street Journal បានរាយការណ៍នៅថ្ងៃអង្គារនេះថា លោក ឈិន កាង (Qin Gang) អតីតរដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន ដែលត្រូវបានដកហូតតំណែងយ៉ាងអាថ៌កំបាំង កាលពីខែកក្កដា ឆ្នាំនេះ គឺធ្លាប់មានទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ អំលុងពេលរូបលោកនៅជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៉ីនតោន។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សេចក្តីរាយការណ៍ខាងលើបាននិយាយថា លោក Qin បានផ្តល់ការសហការជាមួយដំណើរការស៉ើបអង្កេត ដែលឥឡូវនេះកំពុងផ្តោតទៅលើ​ថា តើទំនាក់ទំនងនោះ ឬមួយក៏ការប្រព្រឹត្តខ្លួនរបស់លោក Qin បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិនដែរ ឬក៏យ៉ាងណា។ យោងតាមសេចក្តីរាយការណ៍ដដែល ក្រុមមន្រ្តីជាន់ខ្ពស់ចិន ត្រូវបានជូនដំណឹងថា ការស៉ើបអង្កេតផ្ទៃក្នុងមួយរបស់បក្សកុម្មុយនិស្តចិន បានរកឃើញថា លោក Qin បានមានទំនាក់ទំនងក្រៅចំណងអាពាហ៍ពិពាហ៍នោះ គឺពេញអាណត្តិតែម្តង ដែលលោកកាន់តួនាទីជាអគ្គរដ្ឋទូតចិន​ប្រចាំសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ វាក៏បានឈានទៅដល់កំណើតកូនម្នាក់ នៅអាមេរិកថែមទៀតផង។

គួរបញ្ជាក់ថា ទាក់ទងសេចក្តីរាយការណ៍ខាងលើ ក្រសួងការបរទេសចិន ពុំទាន់ចេញមុខធ្វើការអត្ថាធិប្បាយយ៉ាងណានៅឡើយនោះទេ។ លោក Qin ត្រូវបានជំនួសតំណែងជារដ្ឋមន្រ្តីការបរទេស ដោយអ្នកការទូតចិនជើងចាស់ គឺលោក វ៉ាង យី (Wang Yi) កាលពីខែកក្កដា បន្ទាប់ពីរូបលោក បានបាត់មុខយ៉ាងអាថ៌កំបាំងអស់រយៈពេលប្រមាណជា១ខែ ក្រោយចូលកាន់តំណែងបានប្រហែលកន្លះឆ្នាំ។ លោក Qin គឺជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក ចាប់ពីខែកក្កដា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២៣នេះ៕