(ញូវដែលី)៖ អ្នកទូតជាន់ខ្ពស់កាណាដាម្នាក់ ត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសឥណ្ឌា ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងអូតាវ៉ា បានប្រកាសបណ្តេញអ្នកការទូតឥណ្ឌាម្នាក់ ចំពេលដែលភាពតានតឹងហាក់កំពុងកើនឡើងកម្តៅ ជុំវិញករណីឃាតកម្មលើសកម្មជន Sikh ម្នាក់ កាលពីប៉ុន្មានខែកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «ការសម្រេចចិត្តខាងលើរបស់ទីក្រុងញូវដែលី បានឆ្លុះបញ្ចាំងអំពីការកើនឡើងនៃក្តីបារម្ភ ចំពោះការលូកលាន់ជ្រៀតជ្រែកពីសំណាក់ក្រុមអ្នកការទូតរបស់កាណាដា មកលើកិច្ចការផ្ទៃក្នុង​របស់យើង ហើយនិងការចូលរួមពាក់ព័ន្ធរបស់ពួកគេ ក្នុងសកម្មភាពដែលប្រឆាំងនឹងប្រទេសឥណ្ឌា»

កាលពីថ្ងៃចន្ទសប្តាហ៍នេះ កាណាដាបាននិយាយថា ខ្លួនកំពុងតែតាមដានយ៉ាងសកម្ម នូវការសង្ស័យអំពីការជាប់ទាក់ទងគ្នា រវាងភ្នាក់ងារ​របស់រដ្ឋាភិបាលឥណ្ឌា ជាមួយនិងការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅខេត្ត British Columbia ប្រទេសកាណាដា កាលពីខែមិថុនាកន្លងទៅ។ ទីក្រុងញូវដេលី បានច្រានចោលការចោទប្រកាន់របស់កាណាដា ជារឿងមិនសមហេតុផលនិងមានចេតនាមិនល្អ ហើយបានទទូចឱ្យទីក្រុងអូតាវ៉ា ងាកទៅវិធានការផ្លូវច្បាប់ប្រឆាំងនឹង ចលនាប្រឆាំងប្រទេសឥណ្ឌា ដែលធ្វើប្រតិបត្តិការចេញពីទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ថា លោក ហាឌីប សាញ នីចចា (Hardeep Singh Nijjar) អាយុ ៤៥ឆ្នាំត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែមិថុនា នៅឯជាយក្រុងវេនខូវឺ (Vancouver) នៃខេត្តប្រ៊ីដធីស កូឡុំប៊ៀ (British Columbia) ជាទីដែលមានជនជាតិភាគតិចស៉ីគរស់នៅច្រើន។ លោក នីចចា បានដឹកនាំក្រុមនេះក្នុងទម្រង់ជា រដ្ឋឯករាជ្យមួយ ដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវករ នៅក្នុងខែកក្កដា ឆ្នាំ២០២០៕