(កៀវ)៖ ក្រុមមន្រ្តីនិយាយថា រុស្ស៉ីបានបើកការវាយប្រហារទ្រង់ទ្រាយធំតាមអាកាសទៅលើរដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៨នាក់រងរបួស ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នំា២០២៣។

សំលេងផ្ទុះបានលាន់លឺពេញទីក្រុងកៀវ និងតំបន់ជុំវិញ ខណៈអាជ្ញាធររាយការណ៍អំពីការបញ្ជូនក្រុមសង្រ្គោះទៅកាន់ទីតាំងជាច្រើន។ រដ្ឋមន្រ្តីមហាផ្ទៃអ៊ុយក្រែន លោក អ៉ីហ័រ គ្លីមិនកូ (Ihor Klymenko) បាននិយាយថា មានមនុស្សរបួសក្នុងទីក្រុងកៀវ តំបន់ឆែកាស៉ី (Cherkasy) និងក្នុងទីក្រុងក្នុងតំបន់ខាកៀវ (Kharkiv) ដែលស្ថិតនៅភាគខាងកើត ក្នុងអំឡុងពេលនៃការវាយប្រហារ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។

អភិបាលក្រុងកៀវ លោក វីតាលី គ្លីចកូ (Vitali Klitschko) បានឲ្យដឹងថា មនុស្សចំនួន ៧នាក់ដែលក្នុងនោះមានកុមារីអាយុ ៩ឆ្នាំម្នាក់បានរងរបួសក្នុងទីក្រុងកៀវ។ កម្ទេចកំទីនៃមីស៉ីលបានធ្លាក់នៅកណ្តាលទីក្រុង និងចំហេដ្ឋារចនាសម្ព័ន្ធនានា ហើយអគារមិនមែនលំនៅឋានជាច្រើនត្រូវខូចខាត។ ចំណែក លោក ម៉ាកស៉ីម កូហ្ស៉ីតយី (Maksym Kozytskyi) អភិបាលតំបន់ Lviv បាននិយាយថា មីស៉ីលរុស្ស៉ីចំនួន ៣គ្រាប់បានវាយប្រហារទីក្រុងដ្រូហូប៉ិច (Drohobych) នៅភាគខាងលិច ចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ។

គួរបញ្ជាក់ថា ស្របពេលនៃការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើទីក្រុងកៀវ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងចូលរួមមហាសន្និបាទអង្គការសហប្រជាជាតិដោយបានអំពាវនាវឲ្យ មានការបណ្តេញរុស្ស៉ីចេញពី សមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោម៥ នៃក្រុមប្រឹក្សាសន្តិសុខ ជាការដាក់ទណ្ឌកម្មសម្រាប់ការឈ្លានពានអ៊ុយក្រែន៕