(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលនៃកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើនទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបន្ថែមទៀត ក្នុងសារលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ដំណឹងនៃការផ្ញើលិខិតខាងលើ ត្រូវបានរាយការណ៍នៅ​ថ្ងៃអាទិត្យនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ បើតាម KCNA លិខិតនោះគឺជាសារឆ្លើយតប ចំពោះការអបអរសាទររបស់លោក ស៉ី ដែលបានផ្ញើទៅកាន់លោក គីម ជុងអ៊ុន សម្រាប់ឱកាសខួបនៃ​ការបង្កើតប្រទេសកូរ៉េខាងជើង នាពេលកន្លងទៅក្នុងខែកញ្ញានេះ។ ក្នុងសារអបអរនោះ លោកប្រធានាធិបតីចិន បានបង្ហាញពីឆន្ទៈដើម្បីបន្ត​ពង្រឹងការធ្វើទំនាក់ទំនងជាយុទ្ធសាស្រ្តនឹងគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការកម្រិតការងារ។

គួរបញ្ជាក់ថា រីឯលិខិតរបស់លោក គីម ដែលបានផ្ញើទៅកាន់លោក ស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះវិញ លោកមេដឹកនាំកូរ៉េខាងជើង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកូរ៉េខាងជើង-ចិន នឹងបន្តអភិវឌ្ឍទៅមុខដោយ​ស្ថិរភាព ស្របជាមួយតម្រូវការនៃសម័យកាលថ្មី និងការចង់បានរបស់ប្រជាជននៃប្រទេសទាំង២ នាពេលអនាគត»

រូបភាពពី AFP