(ហ្សួរិច)៖ អាល្លឺម៉ង់បានស្វាគមន៍ការសម្រេចចិត្តរបស់ស្វីស ក្នុងការបើកផ្លូវលក់រថក្រោះ Leopard II ដែលផលិតដោយអាល្លឺម៉ង់មួយចំនួនមកវិញ ដើម្បីជួយបំពេញឃ្លាំងស្តុកដែលថយចុះ ដោយសារតែជួយដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីខែកុម្ភៈ អាល្លឺម៉ង់បានស្នើសុំឲ្យស្វីសលក់រថក្រោះ Leopard II មួយចំនួនដែលមាននៅក្នុងឃ្លាំងចំនួន ៩៦គ្រឿង ត្រឡប់ទៅក្រុមហ៊ុនផលិត Rheinmetall AG វិញ។ ដើម្បីអនុលោមតាមច្បាប់អព្យាក្រឹតភាពរបស់ស្វីស ទីក្រុងបែរឡាំងបានផ្តល់ការធានាថា អាវុធដែលទិញត្រឡប់ទៅវិញនឹងមិនបញ្ជូនទៅកាន់ទីក្រុងកៀវនោះទេ ប៉ុន្តែគឺសម្រាប់អាល្លឺម៉ង់ ឬសម្ព័ន្ធមិត្តណាតូ ឬសហភាពអឺរ៉ុប ប្រើប្រាស់។

លោក មីស្យ៉ីល ហ្លូហ្គឺ (Michel Fluegger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសស្វីស បានគូសបញ្ជាក់ថា «យើងពិតជារីករាយ និងដឹងគុណចំពោះការសម្រេចចិត្តនេះ។ យើងត្រូវការរថក្រោះទាំងនេះ ដើម្បីបំពេញចន្លោះឃ្លាំងស្តុករបស់ខ្លួន និងដៃគូអឺរ៉ុបផ្សេងទៀត»

គួរបញ្ជាក់ថា សាធារណមតិក្នុងប្រទេសស្វីស បានបែកបាក់គ្នាយ៉ាងខ្លាំងលើបញ្ហានៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយការទប់ស្កាត់ការនាំចេញទៅវិញ ដែលបានធ្វើឲ្យប្រទេសមួយចំនួនមានការខឹងសម្បារ៕

រូបភាពពី AFP