(យូអិន)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាជនភៀសខ្លួនច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន នៅពេលព្យាយាមធ្វើដំណើរតាមទូកឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចូលទៅក្នុងតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៣ នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

នាយកឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រចាំការិយាល័យទីក្រុងញូវយ៉ក លោកស្រី រូវិន មេនីគឌីវេឡា (Ruven Menikdiwela) បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូច្នេះថា «គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា កន្លងទៅនេះ មានមនុស្សច្រើនជាង ២,៥០០នាក់ បានស្លាប់ ឬបាត់ខ្លួន នៅក្នុងឆ្នាំ២០២៣នេះ»។ លោកស្រីបន្ថែមថាជនភៀសខ្លួន ដែលធ្វើ ដំណើរតាមផ្លូវគោកឆ្ពោះទៅកាន់តំបន់អឺរ៉ុប ក៏បានបាត់បង់ជីវិតផងដែរ តែមិនសូវមានការខ្វាយខ្វល់។ ចំណែក មនុស្ស ៣១,០០០នាក់ ត្រូវបានជួយសង្រ្គោះនៅសមុទ្រ ឬក៏ត្រូវបានស្ទាក់ចាប់ដោយឆ្មាំព្រំដែនអឺរ៉ុប។

តួលេខស្លាប់របស់ជនភៀសខ្លួននេះ មានការកើនឡើងបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានជនភៀសខ្លួន ១,៦៨០នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន។

គួរបញ្ជាក់ថា បើតាម UNHCR គិតជាសរុប ជនភៀសខ្លួន ១៨៦,០០០នាក់ បានធ្វើដំណើរទៅដល់តំបន់ភាគខាងត្បូងនៃទ្វីបអឺរ៉ុប តាមផ្លូវសមុទ្រ គិតចាប់ពីខែមករា ដល់ថ្ងៃទី២៤ ខែកញ្ញា ដោយពួកគេបានទៅដល់ប្រទេសអ៉ីតាលី ក្រិក អេស្ប៉ាញ ស៊ីប និងម៉ាល់ត៍៕

">

រូបភាពពី AP