(ហ្កាហ្សា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អ៉ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន បានព្រមព្រៀងគ្នាបន្តអូសបន្លាយរយៈពេល បទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្រ្គាមរវាងភាគីទាំងពីរ យ៉ាងហោចណាស់១ថ្ងៃបន្ថែមទៀត ពោលគឺត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលការផ្អាកប្រយុទ្ធគ្នារយៈពេល៦ថ្ងៃ នឹងត្រូវផុតសុពលភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា បទឈប់បាញ់នោះនឹងត្រូវបន្ត ស្របពេលដែលក្រុមអ្នកជួយសម្រុះសម្រួលជម្លោះ ព្យាយាមស្វែងរក ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត ដែលត្រូវបានចាប់យកទៅតំបន់ Gaza Strip ជាថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន។ រីឯក្រុមហាម៉ាស ដែលទើបតែដោះលែងចំណាប់ខ្មាំង ១៦នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន៣០នាក់ ចេញពី​ពន្ធនាគារអ៉ីស្រាអែល កាលពីថ្ងៃពុធសប្តាហ៍នេះ ក៏បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងផងដែរថា បទឈប់បាញ់បណ្តោះអាសន្នជាមួយ​អ៉ីស្រាអែល នឹងបន្តសម្រាប់ថ្ងៃទី៧។ យ៉ាងណាមិញ ភាគីទាំងពីរបាននិយាយថា ពួកគេត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តការប្រយុទ្ធគ្នាឡើងវិញ។

គួរបញ្ជាក់ថា បទឈប់បាញ់ខាងលើ ដែលពីដំបូងឡើយមានរយៈពេលត្រឹម៤ថ្ងៃ បាននាំមកនូវការផ្អាកជាបណ្តោះអាសន្ន នៃការវាយប្រហារយ៉ាងខ្លាំងក្លាមិនធ្លាប់មាន ទាំងតាមផ្លូវអាកាសនិងផ្លូវគោកពីសំណាក់យោធាអ៉ីស្រាអែល ទៅលើដែនដីប៉ាឡេស្ទីន Gaza Strip ដែលមានជនជាតិប៉ាឡេស្ទីនរស់នៅសរុបខ្ទង់២.៣លាននាក់ ឆ្លើយតបទៅនឹងការឆ្មក់វាយលុកដ៏ប្រល័យរបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

អ៉ីស្រាអែលបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza និងដែលកាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស១,២០០នាក់ នៅតំបន់ភាគខាងត្បូងអ៉ីស្រាអែល ព្រមទាំងចាប់មនុស្ស២៤០នាក់ផ្សេងទៀត យកទៅ Gaza ដើម្បីធ្វើជាចំណាប់ខ្មាំង។ មុនឈានដល់បទឈប់បាញ់ខាងលើ អ៉ីស្រាអែលបានបន្តវាយប្រហារឥតឈប់ឈរលើតំបន់ Gaza អស់រយៈពេលប្រមាណ៧សប្តាហ៍ និងផ្តាច់ជីវិតមនុស្សជាង១៥,០០០នាក់៕

រូបភាពពី Reuters