(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងនឹងមិនចរចាជាដាច់ខាត នូវអធិបតេយ្យជាតិរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ទីក្រុងវ៉ាស៉ីនតោនថាពាក់ស្បែកមុខពីរ សម្រាប់ការស្នើ​ចង់ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទន្ទឹមគ្នាបានខំប្រឹងបង្កើនសកម្មភាពយោធា នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម​ ជុងអ៊ុន និងជាមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បាននិយាយថា សហរដ្ឋអាមេរិកបានបញ្ចេញ «ចរិតស្តង់ដាពីរជាខ្លាំង» ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) សប្តាហ៍នេះ ជុំវិញការបង្ហោះផ្កាយរណបចារកម្មដំបូងបំផុត នាពេលថ្មីៗកន្លងទៅ របស់កូរ៉េខាងជើង។

អ្នកនាង Kim បានលើកឡើងថា ស្របពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានរំលេចពី​កិច្ចប្រឹងប្រែងចង់ បើកកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង លោកស្រីមិនបានផ្តល់មូលហេតុសមស្របនិងគ្រប់គ្រាន់ ក្នុងការបដិសេធសិទ្ធិរបស់​ក្នុងកូរ៉េខាងជើង ដើម្បីអភិវឌ្ឍវិស័យអវកាស នោះឡើយ។ អ្នកនាង Kim បានបន្តថា លោកស្រី Thomas-Greenfield ក៏បានបរាជ័យ​ផងដែរ ក្នុងការបង្កើតលេសឱ្យសមហេតុសមផលមួយ ដើម្បីគាំទ្រថា តើស្តង់ដាអាមេរិកសម្រាប់ការទំនាក់ទំនងការទូត និងកិច្ចប្រឹងប្រែង​ដើម្បីបន្តកិច្ចសន្ទនាគ្នាឡើងវិញ អាចស៉ីគ្នាជាមួយនឹងសកម្មភាពយោធាបង្កហេតុរបស់ទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាការដាក់ពង្រាយ​នាវាផ្ទុកយន្តហោះចម្បាំងនុយក្លេអ៊ែរ និងនាវាមុជទឹកនុយក្លេអ៊ែរជាដើម មកកាន់ឧបទ្វីបកូរ៉េ ដោយរបៀបណា។

ជាចុងក្រោយ ប្អូនស្រីលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដូច្នេះថា «យើងចង់បញ្ជាក់ឱ្យច្បាស់ប្រាប់អាមេរិកសាជាថ្មីម្តងទៀតថា អធិបតេយ្យរបស់​រដ្ឋឯករាជ្យពេញលេញមួយ គឺគ្មានថ្ងៃអាចក្លាយជារបៀបវារៈនៃកិច្ចចរចាឡើយ ហេតុនេះហើយ កូរ៉េខាងជើងនឹងគ្មានថ្ងៃអង្គុយចុះទល់មុខ​ជាមួយសហរដ្ឋអាមេរិក សម្រាប់គោលដៅបែបនោះដាច់ខាត»។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនបានស្នើឱ្យទីក្រុងព្យុងយ៉ាង កំណត់ពេលវេលានិង​របៀបវារៈ ដើម្បីអាចឱ្យកិច្ចសន្ទនាកូរ៉េខាងជើង-អាមេរិក បន្តឡើងវិញ។ អ្នកនាង Kim ក៏បានឆ្លៀតចោទប្រកាន់ផងដែរថា ការប្រកាន់ស្តង់ដាពីរ និងការប្រើអំណាចក៏ដូចជាធ្វើសកម្មភាព តាមតែអំពើចិត្តដោយមិនកោតក្រែងអ្នកដទៃ របស់អាមេរិកទៅវិញទេ ពោលគឺមិនមែនកម្មវិធីអភិវឌ្ឍវិស័យអវកាសរបស់ប្រទេសអ្នកនាងឡើយ ដែលបានបង្កការគំរាមកំហែងចំពោះសុខសន្តិភាព និងស្ថិរភាព​ក្នុងតំបន់។

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ទីក្រុងព្យុងយ៉ាងផ្ទាល់ ផ្កាយរណបចារកម្មដំបូងបំផុតរបស់ខ្លួន ដែលទើបទទួលជោគជ័យក្នុងការបាញ់​បង្ហោះកាលពីសប្តាហ៍មុន គឺត្រូវបានរចនាឡើងជាចម្បង ដើម្បីតាមដានសកម្មភាពយោធារបស់អាមេរិកនិងកូរ៉េខាងត្បូង ហើយវាបានផ្តិត​យករូបភាពមូលដ្ឋានយោធាអាមេរិក នៅជុំវិញពិភពលោក រួមមានទាំងនៅកោះហ្កាំនិងប្រទេសអ៉ីតាលី ព្រមទាំងរូបភាពទីតាំងសេតវិមាន ហើយនិងមន្ទីរបញ្ចកោណ ថែមទៀតផង។ យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ពុំទាន់ឃើញមាន ចេញផ្សាយរូបភាពណាមួយ ដែលថតបានដោយផ្កាយរណបនោះនៅឡើយទេ ជាហេតុនាំឱ្យមានការសង្ស័យក៏ដូចជាការជជែកដេញដោល ក្នុងចំណោមក្រុមមន្រ្តីនិងអ្នកវិភាគ ទាំងនៅទីក្រុងសេអ៊ូលនិងនៅទីក្រុងវ៉ាស៉ីនតោន ជុំវិញសមត្ថភាពពិតប្រាកដជាក់ស្តែង នៃផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង៕

រូបភាពពី Reuters