(តៃប៉ិ)៖ នាថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់ជាថ្មីម្តងទៀតបានរាយការណ៍អំពី វត្តមានយន្តហោះក៏ដូចជានាវាយោធារបស់ចិន នៅក្បែរដែនកោះនេះ ខណៈទីក្រុងប៉េកាំងកំពុងតែព្យាយាម បង្កើនសកម្មភាពយោធារបស់ខ្លួន នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់អាណត្តិថ្មី ដែលនឹងត្រូវ​ប្រព្រឹត្តទៅនាខែមករា ដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា គិតចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មានការប្រទះឃើញសញ្ញាយន្តហោះចម្បាំងចិន J-10 និង J-16 ព្រមទាំងឧទ្ធម្ភាគចក្រ ដែលធ្វើប្រតិបត្តិការចេញពីនាវាយោធា ខណៈយន្តហោះចិនចំនួន១១ ក្នុងចំណោមនោះ បានហោះឆ្លងកាត់បន្ទាត់មេដ្យាន​នៃច្រកសមុទ្រតៃវ៉ាន់ ឬតំបន់កៀកនោះ ហើយធ្វើការជាមួយក្រុមនាវាយោធាចិន សម្រាប់ការល្បាតរួមគ្នា។ ក្នុងខែនេះ តៃវ៉ាន់បានរាយការណ៍ ​ពីសកម្មភាពទ្រង់ទ្រាយធំស្រដៀងគ្នា យ៉ាងហោច៣ផ្សេងទៀត ដោយយោធាចិន។

ក្នុងរយៈពេលប្រហែល៤ឆ្នាំចុងក្រោយនេះ ចិនបានធ្វើសកម្មភាពយោធាជាប្រចាំ រួមទាំងសមយុទ្ធទ្រង់ទ្រាយធំពុំធ្លាប់មាន ចំនួនប៉ុន្មានលើកផងដែរ នៅក្បែរតៃវ៉ាន់។ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំនិងសមាជិកសភា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ខណៈយុទ្ធនាការឃោសនា បានចាប់ផ្តើមប្រព្រឹត្តទៅពេញទំហឹងហើយ។

គួរបញ្ជាក់ថា មេដឹកនាំរងតៃវ៉ាន់បច្ចុប្បន្ន លោក Lai Ching-te ដែលជាប្រធានគណបក្សកាន់អំណាច Democratic Progressive Party (DPP) ហើយត្រូវបានទីក្រុងប៉េកាំងចាត់ទុកជា បុគ្គលមានបំណងចង់បំបែករដ្ឋនោះ គឺជាបេក្ខជនកំពុងមានសំឡេងគាំទ្រនាំមុខគេ ក្នុងការក្លាយជាមេដឹកបន្ទាប់របស់តៃវ៉ាន់។ រីឯគណបក្សប្រឆាំងតៃវ៉ាន់ធំជាងគេ គឺ Kuomintang ដែលតែងគាំទ្រទំនាក់ទំនងជិតស្និទ្ធ ជាមួយ​ទីក្រុងប៉េកាំងវិញនោះ បានសន្យាថា នឹងបើកកិច្ចសន្ទនាឡើងវិញជាមួយចិន ប្រសិនបើខ្លួនទទួលជ័យជម្នះក្នុងការបោះឆ្នោត៕

រូបភាពពី Xinhua