(ហ្ស៊េរុយសាឡិម)៖ ប៉ូលិសអ៉ីស្រាអែលនិយាយថា ខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់ បានបើកការបាញ់ប្រហារលើចំណតរថយន្តក្រុងមួយ អំឡុងពេលព្រឹកដ៏មមាញឹកថ្ងៃព្រហស្បតិ៍នេះ នៅឯច្រកចូលមកទីក្រុងហ៊្សេរុយសាឡិម បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់និងរបួស ៨នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប៉ូលិសអ៉ីស្រាអែល បានបញ្ជាក់ថា «ភេរវករ ២នាក់បានជិះរថយន្តមកដល់កន្លែងកើតហេតុ និងមានប្រដាប់ដោយអាវុធ ហើយធ្វើការបាញ់ប្រហារទៅលើជនស៉ីវិល នៅស្ថានីយ៍ចំណងរថយន្តក្រុង ក្រោយមកក៏ត្រូវបានរារាំងដោយកងកម្លាំងសន្តិសុខ និងជនស៉ីវិលដែលនៅក្បែរនោះ»។ លោក Doron Turgeman មេបញ្ជាការប៉ូលិសសង្កាត់ នៃទីក្រុងហ៊្សេរុយសាឡិម បានប្រាប់អ្នកយកព័ត៌មាននៅកន្លែងកើតហេតុថា ខ្មាន់កាំភ្លើងមកពីក្រុងហ្ស៊េរុយសាឡិមខាងកើត។ ចំណែក ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ៉ីស្រាអែល លោក Jack Lew បានថ្កោលទោសការបាញ់ប្រហារនេះថា «ជាភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម»

គួរបញ្ជាក់ថា អំពើហិង្សានេះ កើតមានឡើងនៅពេលដែលអ៉ីស្រាអែល និងក្រុមហាម៉ាស់ បានព្រមព្រៀងគ្នានៅនាទីចុងនៃថ្ងៃព្រហស្បតិ៍នេះ ដើម្បីបន្តបទឈប់បាញ់រយៈពេល ៦ថ្ងៃរបស់ពួកគេនៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យក្រុមអ្នកចរចាបន្តធ្វើការ ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង ជាមួយអ្នកទោសប៉ាឡេស្ទីន៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/162073