(ហ្សាការតា)៖ រដ្ឋមន្រ្តីហរិញ្ញវត្ថុឥណ្ឌូណេស៉ី បាននិយាយថា ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo បានអនុម័តបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ២០% រហូតដល់នៅចុងឆ្នាំ ២០២៤ ដើម្បីធ្វើឲ្យប្រសើរឡើង នូវសម្ភារយោធារបស់ប្រទេស ជាការឆ្លើយតបទៅនឹងការវិវត្តន៍ភូមិសាស្ត្រនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធស​ប្តាហ៍នេះ លោកស្រី Sri Mulyani Indrawati បានឲ្យដឹងថា ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ ដែលលោកស្រីបានចូលរួមជាមួយប្រធានាធិបតី លោក Joko Widodo និងរដ្ឋមន្ត្រីការពារជាតិ លោក Prabowo Subianto ដោយថវិកាការពារជាតិនឹងត្រូវបង្កើនពីចំនួន ២០.៧៥ពាន់លានដុល្លារដល់ចំនួន ២៥ពាន់លានដុល្លារ។

លោកស្រី Sri Mulyani បានបញ្ជាក់ថា «តម្រូវការត្រូវបានស្នើឡើងដោយក្រសួងការពារជាតិ ផ្អែកលើភាពចាំបាច់ក្នុងការផ្តល់ លក្ខខណ្ឌកាន់តែប្រសើរនៃសម្ភារយោធាឥណ្ឌូណេស៉ី ក៏ដូចជាការកើនឡើងនូវការគំរាមកំហែងផ្សេងៗ ចំពោះមុខការវិវត្តន៍ភូមិសាស្ត្រនយោបាយ និងសន្តិសុខ»។

គួរបញ្ជាក់ថា បើតាមលោកស្រីរដ្ឋមន្រ្តីហិរញ្ញវត្ថុ ទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់ក៏ដោយ ក៏ថវិកាការពារជាតិរយៈពេល៥ឆ្នាំ ទាំង៣ រាប់ចាប់ពីឆ្នាំ ២០២០ ដល់២០៣៤ នឹងនៅតែមានចំនួន ៥៥ពាន់លានដុល្លារ ស្របតាមផែនការសារពើពន្ធ រយៈពេលមធ្យមទៅវែងរបស់ឥណ្ឌូណេស៉ី៕

រូបភាពពី Reuters