(ប៉េកាំង)៖ ថ្ងៃទី២៨ ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសតួកម៉េនីស្ថាន។ ពេលជួបពិភាក្សាការជាមួយប្រធានាធិបតីតួកម៉េនីស្ថាន លោក Serdar Berdimuhamedov លោក Ding Xuexiang បានថ្លែងថា ភាគីចិនរីករាយពួតដៃជាមួយបណ្តាប្រទេសអាស៊ីកណ្តាល ក្នុងនោះរួមមានប្រទេសតួកម៉េនីស្ថានផងដែរ ដើម្បីជំរុញការកសាងយន្តការកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ីកណ្តាលប្រកបដោយភាពនឹងន។

ជាការឆ្លើយតបលោក Serdar Berdimuhamedov បានថ្លែងថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកដំបូង បាននិងកំពុងទទួលបានការអនុវត្តជាក់ស្តែង។ ភាគីតួកម៉េនីស្ថានគាំទ្រយ៉ាងមុតមាំ ចំពោះយន្តការកិច្ចសហប្រតិបត្តិការអាស៊ីកណ្តាល-ចិន រីករាយរួមជាមួយភាគីចិន ដើម្បីជំរុញសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។ ថ្ងៃទី២៩ ខែវិច្ឆិកាលោក Ding Xuexiang បានជួបពិភាក្សាការជាមួយលោក Rashid Meredov ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន ព្រមទាំងធ្វើជាសហអធិបតីភាពក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការរវាងចិន និងតួកម៉េនីស្ថាន។

ភាគីទាំងពីរយល់ព្រមបង្កើនការអភិវឌ្ឍថែមមួយកម្រិតទៀត នូវការតភ្ជាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍ ដើម្បីយកការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ដោយគុណភាពខ្ពស់មកដឹកនាំ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងតួកម៉េនីស្ថាននិងចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន