(ព្រុចសែល)៖ បណ្តាប្រទេសជាសមាជិកនៃអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) កំពុងបែកខ្ញែក ខណៈត្រូវរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រទេសនៅក្នុងតំបន់បាល់ទិក និងអ៊ុយក្រែនបានបដិសេធមិនចូលរួម ដោយសារតែមានវត្តមានរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

OSCE ដែលមានសមាជិកចំនួន ៥៧ប្រទេស គឺជាអ្នកស្នងតំណែងពីអង្គការសម័យសង្រ្គាមត្រជាក់របស់មហាអំណាចសូវៀត និងលោកខាងលិច ប៉ុន្តែឥឡូវនេះកំពុងជាប់គាំងខ្លាំង ដោយសារតែសិទ្ធិវេតូរបស់រុស្ស៉ីនៅតែមានប្រសិទ្ធភាពដូចប្រទេសនីមួយៗដែរ។

រដ្ឋមន្រ្តីការបរទេសអេស្តូនី លោក Margus Tsahkna បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃពុធសប្តាហ៍នេះថា «តើអ្នកអាចនិយាយជាមួយប្រទេសឈ្លានពាន ដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងប្រទេសសមាជិកផ្សេងទៀត នោះគឺអ៊ុយក្រែន ដោយរបៀបណា?»។

ដោយឡែក ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់នាយករដ្ឋមន្រ្តីម៉ាសេដូនខាងជើង លោក Dimitar Kovacevski នៅឯសន្និសីទរួមគ្នាយ៉ាងដូច្នេះថា «ការអនុញ្ញាតឲ្យលោក Lavrov ចូលរួមកិច្ចប្រជុំនេះ គឺស្របតាមគោលបំណងរួមរបស់យើង ក្នុងការរក្សាពហុភាគីនិយម។ លោក Lavrov ត្រូវតែមកស្តាប់ម្តងទៀត និងពីមនុស្សគ្រប់គ្នា ថាហេតុអ្វីបានជារុស្ស៊ីត្រូវបានគេថ្កោលទោស និងឯកោ»។

គួរបញ្ជាក់ថា បញ្ហា OSCE បានឆ្លុះបញ្ចាំងពីចំណោទផ្នែកការទូតដ៏ធំអំពីអ៊ុយក្រែន។ ខណៈមានតែបេឡារុសមួយប៉ុណ្ណោះដែលតែងតែគាំទ្ររុស្ស៉ីនៅក្នុងកិច្ចប្រជុំ OSCE អ្នកផ្សេងទៀតដែលអវត្តមាន អាចកំពុងព្រួយបារម្ភពីការប្តេជ្ញាចិត្តរបស់មហាអំណាចលោកខាងលិច ចំពោះអ៊ុយក្រែន៕

រូបភាពពី Reuters