(ប៉េកាំង)៖ កាលពីថ្ងៃទី ២៦ និងថ្ងៃទី ២៧ ខែវិច្ឆិកា លោក Ding Xuexiang សមាជិកអចន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថាន បានជួបពិភាក្សាដោយឡែកជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Alikhan Smailov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន ព្រមទាំងសន្ទនាជាមួយលោក Roman Sklyar ឧបនាយករដ្ឋមន្ត្រីទីមួយនៃកាហ្សាក់ស្ថាន និងធ្វើជាសហអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការសហប្រតិបត្តិការចិន-កាហ្សាក់ស្ថាន។

លោក Ding Xuexiang បានថ្លែងថា ភាគីទាំងពីរចិននិងកាហ្សាក់ស្ថានគួរចាត់ទុកមតិឯកភាពសំខាន់ របស់ប្រមុខរដ្ឋប្រទេសទាំងពីរជាការណែនាំ ផ្តោតលើបន្ទាត់ខ្សែមេអំពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ ជួយគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ ពួតដៃគ្នាដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាយូរអង្វែងរវាងចិននិងកាហ្សាក់ស្ថាន ឱ្យឈានទៅកម្រិតកាន់តែខ្ពស់ និងទំហំកាន់តែធំទូលាយ។

លោក Tokayev បានថ្លែងថា ភាគីកាហ្សាក់ស្ថានគាំទ្រយ៉ាងមុតមាំ លើការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ មានឆន្ទៈជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាយូរអង្វែង រវាងចិននិងកាហ្សាក់ស្ថានទទួលបានសមិទ្ធផលថ្មី ដោយឥតឈប់ឈរ។ លោក Smailov បានថ្លែងថា កាហ្សាក់ស្ថានគាំទ្រមុតមាំទៅលើគោលនយោបាយចិនតែមួយ មានឆន្ទៈបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន