(ឌូបៃ)៖ ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បាននិយាយនៅថ្ងៃសៅរ៍នេះថា ការបន្តនៃការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាកាន់តែខ្លាំងក្លា ខណៈអ៉ីស្រាអែលធ្វើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ក៏ដូចជាការទម្លាក់គ្រាប់បែក មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Robert Mardini ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានប្រាប់ Reuters នៅឯកិច្ចប្រជុំកំពូល COP28 ក្នុងទីក្រុងឌូបៃ យ៉ាងដូច្នេះថា «យើងមិនមានរបាយការណ៍ច្បាស់លាស់ទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺមានការបន្តប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាម្តងទៀត»។ លោក Mardini បានបន្ថែមថា «នេះគឺជាការបន្ថែមការបំផ្លិចបំផ្លាញដ៏ធំមិនអាចប្រៀបផ្ទឹមបាននៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្ទះជនស៉ីវិលនានា ហើយអំពើហិង្សានឹងបង្កការលំបាកក្នុងការនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា»។

គួរបញ្ជាក់ថា ICRC មានបុគ្គលិកចំនួន ១៣០នាក់ធ្វើការនៅតំបន់ហ្គាហ្សា។ អ៉ីស្រាអែល និងក្រុមហាម៉ាសបានស្តីបន្ទោសគ្នាចំពោះការដួលរលំនៃបទឈប់បាញ់ អំឡុងពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ចេញពីពន្ធនាគារអ៉ីស្រាអែល៕

រូបភាពពី Reuters