(អង់ការ៉ា)៖ នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបដិសេធការកើនឡើងនូវសម្ពាធពីសហរដ្ឋអាមេរិកដើម្បីកាត់ផ្តាច់ទំនាក់ទំនងប្រវត្តិសាស្ត្រជាមួយក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមសកម្មប្រយុទ្ធទៅលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣។

អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងអង់ការ៉ា ក្នុងសប្តាហ៍នេះ អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុទទួលបន្ទុកតាមដានហិរញ្ញប្បទានភេរវកម្ម លោក Brian Nelson បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនបានរកឃើញមានលំហូរសាច់ប្រាក់ឆ្លងកាត់តួកគី ទៅកាន់ក្រុម Hamas ចាប់តាំងពីសង្រ្គាមនៅហ្គាហ្សាផ្ទុះឡើងនោះទេ ប៉ុន្តែទីក្រុងអង់ការ៉ាធ្លាប់ជួយក្រុមហាម៉ាសឲ្យទទួលបានមូលនិធិកាលពីអតីតកាល ហើយឥឡូវនេះគួរតែប្រើច្បាប់ក្នុងស្រុក ដើម្បីទប់ស្កាត់ការផ្ទេរប្រាក់នាពេលអនាគតដែលអាចកើតមាន។

នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយការិយាល័យប្រធានាធិបតី លោក Erdogan បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនដឹងយ៉ាងច្បាស់ហើយថា តួកគីមិនធ្លាប់ចាត់ទុកក្រុមហាម៉ាស់ជាអង្គការភេរវករនោះទេ។ ហាម៉ាសគឺជាធាតុពិតនៃប៉ាឡេស្ទីន ជាណបក្សនយោបាយមួយនៅទីនោះ ហើយបានឈ្នះការបោះឆ្នោត។ លោក Erdogan បានបញ្ជាក់ថា «យើងបង្កើតគោលនយោបាយការបរទេស ហើយរចនាវាទៅតាមផលប្រយោជន៍របស់យើង និងតាមការរំពឹងទុករបស់ប្រជាជនតួកគីប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៉ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីភាគីទាំងពីរបរាជ័យក្នុងការបន្តបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃ ដែលនាំឲ្យចំណាប់ខ្មាំងអ៉ីស្រាអែលចំនួន ៨០នាក់ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ២៤០នាក់៕

 

រូបភាពពី Reuters