(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ ប៉ុន្តែលោកមានសុខភាពល្អជាធម្មតាដែលអាច ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញបាន។ នេះបើតាមការិយាល័យប្រធានាធិបតីហ្វីលីពីន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថាលោក Marcos នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃ។ តែមិនបានបញ្ជាក់ថាតើ លោកបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តាំងពីពេលណាមកនោះទេ ដោយគ្រាន់តែនិយាយថាលោកប្រធានាធិបតី Marcos មានសុខភាពល្អអាចបំពេញ ការងារបាន ហើយនឹងបន្តដឹកនាំកិច្ចប្រជុំតាមការគ្រោងទុកតាមប្រព័ន្ធវីដេអូ។

គួរបញ្ជាក់ថា លោក Marcos មានអាយុ ៦៦ឆ្នាំ បានបង្ហាញខ្លួននៅទីសាធារណៈលើកចុងក្រោយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយចូលរួម ក្នុងពិធីជួបជុំគ្រួសារនៅឯបរិវេណវិមានប្រធានាធិបតី។ ក្រោយឆ្លងកូវីដ១៩នេះដែរ លោក Marcos បានលុបចោលគម្រោងបំពេញទស្សនកិច្ចទៅកាន់ កោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះ ដើម្បីចុះសួរសុខទុក្ខជនរងគ្រោះដែលនៅរស់រានមានជីវិតពីការវាយប្រហារ បំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន និងប្រជាជនដែលត្រូវបានជម្លៀសខ្លួនពីផ្ទះសម្បែងដោយសារគ្រោះរញ្ជួយដី៕