(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Shot បានរាយការណ៍ថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌី នៅក្នុងសប្ដាហ៍នេះ ហើយបើជាការពិតមែន នោះវានឹងក្លាយជាទស្សនកិច្ចដ៏កម្ររបស់លោក ពូទីន នៅបរទេសចាប់តាំងពីតុលាការ ព្រហ្មទណ្ឌអន្តរជាតិ​ ICC ចេញដីកាចាប់ខ្លួនរូបលោកមក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters​ នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

សេចក្ដីរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក ពូទីន កើតមានឡើងបន្ទាប់ពីក្រុមប្រទេសផលិតប្រេង OPEC+ ដែលរួមមានរុស្ស៉ី អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតជាសមាជិកផងនោះ បានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លើការស្ម័គ្រចិត្តកាត់បន្ថយការផលិតប្រេងប្រហែល ២.២លានបារ៉ែលក្នុងមួយថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី Shot ដោយផ្អែកលើការដកស្រង់សម្ដីពីលោក Yury Ushakov ជាមន្ត្រីជំនិតម្នាក់របស់លោក ពូទីន បានឱ្យដឹងថាលោក ពូទីន នឹងធ្វើដំណើរទៅកាន់អេមីរ៉ាតអារ៉ាប់រួមជាមុន ហើយទើបបន្តដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ជាទីដែលលោកនឹងត្រូវជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន។ «ខ្ញុំសង្ឃឹមថាវានឹងក្លាយជាកិច្ចចរចាប្រកបដោយផ្លែផ្កា ដែលយើងបានចាត់ទុកថាមានសារៈសំខាន់បំផុត»។ នេះជា ការលើកឡើងរបស់លោក Ushakov។

គួរបញ្ជាក់ថា លោក ពូទីន ប៉ុន្មានឆ្នាំថ្មីៗនេះ កម្រនឹងធ្វើដំណើរទៅក្រៅប្រទេសណាស់ ចាប់តាំងពីតុលាការ​ ICC ចេញដីកាចាប់ខ្លួនរូបលោកជុំវិញ ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន បានធ្វើដំណើរចេញក្រៅប្រទេសភាគច្រើនទៅកាន់បណ្ដាប្រទេសធ្លាប់ស្ថិតនៅក្នុងអតីតសហភាពសូវៀត តែប៉ុណ្ណោះ ហើយដំណើរចុងក្រោយរបស់លោកចេញក្រៅពីប្រទេសទាំងនេះ គឺការធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីខែតុលាកន្លងទៅនេះ។

ទាំងអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម មិនមែនជាសមាជិក ICC នោះទេ ដូច្នេះលោក ពូទីន អាចធ្វើដំណើរទៅកាន់ប្រទេសទាំង២នេះ ដោយមិនចាំបាច់បារម្ភពីការចាប់ខ្លួនតាមដីការបស់ ICC នោះទេ៕

រូបភាពពី Reuters