(វ៉ាស៊ីនតោន)​៖ កាសែតអាមេរិក Wall Street Journal ​(WSJ) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានរាយការណ៍ថា អ៉ីស្រាអែលបានដំឡើងប្រព័ន្ធម៉ាស៊ីនបូមទឹកដ៏ធំមួយ ដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីបូមទឹកសមុទ្រពន្លិច «ផ្លូវរូងក្រោមដី» របស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ តាមកាសែតអាមេរិកនេះដដែល កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ កងទ័ពអ៉ីស្រាអែលបានបញ្ចប់ការដំឡើងប្រព័ន្ធបូមទឹកយ៉ាងហោចចំនួន ៥ ស្ថិតនៅចម្ងាយប្រហែល១.៦គីឡូម៉ែត្រពីភាគខាងជើងនៃជំរំជនភៀសខ្លួន Al-Shati ដែលអាចបូមទឹកសមុទ្ររាប់ពាន់ម៉ែត្រគូបក្នុងរយៈពេល ១ម៉ោង ដើម្បីពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសក្នុងពេលប៉ុន្មានសប្ដាហ៍។

ប៉ុន្តែ សេចក្ដីរាយការណ៍នេះមិនបានបញ្ជាក់ឱ្យច្បាស់ថាតើអ៉ីស្រាអែលនឹងបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដី មុនចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង សិន ឬក៏យ៉ាងណានោះទេ ខណៈមានការអះអាងថាក្រុមហាម៉ាសបានចាប់ខ្លួនចំណាប់ខ្មាំងឃុំនៅទីកន្លែងសម្ងាត់ ក្នុងនោះមានទាំងរូងក្រោមដីផងដែរ។

ចំណែក ខាងក្រសួងការពារជាតិអ៉ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ តែនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍នេះ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាជាការពិតណាស់ វាជារឿងចំាបាច់ដែលអ៉ីស្រាអែល ត្រូវបំផ្លាញរូងក្រោមដីរបស់ក្រុមហាម៉ាស ហើយថាអ៉ីស្រាអែលកំពុងស្វែងរក វិធីសាស្ត្រជាច្រើនដើម្បីបំផ្លាញផ្លូវរូងក្រោមដីទាំងនោះ។ លើសពីនេះទៅទៀត Wall Street Journal ក៏បានដកស្រង់សម្ដីមន្ត្រីយោធាអ៉ីស្រាអែលម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែលបាននិយាយថាយោធាអ៉ីស្រាអែលកំពុងធ្វើប្រតិបត្តិការបំផ្លាញសមត្ថភាពរបស់ក្រុមហាម៉ាស ដោយកំពុងប្រើប្រាស់ វិធីសាស្ត្រផ្សេងៗគ្នា និងបច្ចេកវិទ្យាទំនើបៗ។

គួរបញ្ជាក់ថា បើតាម Wall Street Journal អ៉ីស្រាអែល កាលពីខែវិច្ឆិកាកន្លងទៅ បានជូនដំណឹងជាមុនដល់សហរដ្ឋអាមេរិកពីផែនការបូមទឹកសមុទ្រ ពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស តែមិនទាន់ដឹងថាតើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu អាចនឹងប្រើមធ្យោបាយនេះ នៅពេលណានោះទេ៕

រូបភាពពី Reuters