(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៤ ខែធ្នូនេះបានប្រកាសថាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវី និងជាអតីតសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិផងនោះត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្មឱ្យគុយបាអស់រយៈពេល៤២ឆ្នាំ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Merrick Garland បាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងលោក Victor Manuel Rocha មានអាយុ៧៣ឆ្នាំ បានបង្ហាញពីការជ្រៀតជ្រែកចូលកម្រិតខ្ពស់ និងយូរអង្វែងបំផុតក្នុងរដ្ឋាភិបាលអាមេរិកដោយភ្នាក់ងារ បរទេសម្នាក់។ សេចក្ដីថ្លែងការណ៍ដដែលក៏បានឱ្យដឹងដែរថាលោក Rocha ដែលជាពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសកូឡុំប៊ី ត្រូវបានចោទប្រកាន់ថាបានចាប់ផ្តើមធ្វើចារកម្មឱ្យគុយបា ក្នុងនាមជាទីភ្នាក់ងារសម្ងាត់ម្នាក់មកពីអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់គុយបា ក្នុងឆ្នាំ១៩៨១ ហើយលោកនៅតែបន្តធ្វើសកម្មភាពស៊ើបការណ៍មកទល់នឹងបច្ចុប្បន្ន។

គួរបញ្ជាក់ថា លោក Victor Manuel Rocha ដែលធ្លាប់បម្រើការជាសមាជិកក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥ នៅក្នុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton និងធ្លាប់ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសបូលីវិពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ក្រោមរដ្ឋបាលលោក Clinton លោក George W. Bush បានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងរដ្ឋ Florida កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

លោក Rocha ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌសហព័ន្ធជាច្រើនករណី ក្នុងនោះរួមមានការធ្វើសកម្មភាពជាភ្នាក់ងារបរទេសខុសច្បាប់ និងក្លែងបន្លំដើម្បីទទួលបានលិខិតឆ្លងដែន៕

រូបភាពពី AFP