(យ៉ាងហ្គន)៖ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចដែលកំពុង វាយប្រយុទ្ធគ្នាជាមួយយោធារបស់លោក ត្រឡប់មកស្វែងរកដំណោះស្រាយនយោបាយមួយ ដើម្បីដោះស្រាយបញ្ហាជាក្ដីកង្វល់របស់ ពួកគេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣។

របបសឹកមីយ៉ាន់ម៉ា កំពុងវាយប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងអ្នកគាំទ្រប្រជាធិបតេយ្យ ក្នុងសមរភូមិ ជាច្រើន តួយ៉ាងដូចជានៅតាមព្រំដែនជាប់ជាមួយចិន ឥណ្ឌា និងថៃ ហើយដែលសមរភូមិទាំងនេះត្រូវបានក្រុមអ្នកវិភាគ ចាត់ទុកថាជា ការគំរាមកំហែងធំបំផុតដល់អំណាចដឹកនាំរបស់របបសឹក ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១មក។

តាមសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar លោក មីន អោងឡាំង បានព្រមានថា «ប្រសិនបើកងកម្លាំងប្រដាប់អាវុធ ជនជាតិភាគតិចនៅតែមិនមានការទទួលខុសត្រូវ នោះប្រជាជននៅក្នុងតំបន់ពាក់ព័ន្ធនឹងរងការឈឺចាប់កាន់តែខ្លាំង។ ដូច្នេះវាពិតជាចាំបាច់ ត្រូវពិចារណាពីអាយុជីវិតប្រជាជន ដោយកងកម្លាំងប្រដាប់អាវុធទាំងនោះចាំបាច់ត្រូវតែដោះស្រាយបញ្ហារបស់ពួកគេ តាមដំណោះស្រាយ នយោបាយ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាមានកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចរាប់សិបក្រុម ហើយភាគច្រើនក្នុងចំណោមពួកគេកំពុងគ្រប់គ្រងទឹកដី និងតំបន់មួយចំនួនជាពិសេសនៅតាមព្រំដែន ក្រោយវាយប្រយុទ្ធគ្នាជារឿយៗជាមួយយោធាមីយ៉ាន់ម៉ា ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបាន ឯករាជ្យពីអង់គ្លេសតាំងពីឆ្នាំ១៩៤៨មក។ កាលពីចុងខែតុលាកន្លងទៅ កងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចបានរួមដៃគ្នា បើកការវាយលុក លើមូលដ្ឋានរបស់យោធាមីយ៉ាន់ម៉ានៅទូទាំងរដ្ឋ Shan ស្ថិតនៅភាគខាងជើងនៃប្រទេសជាប់ព្រំដែនជាមួយចិន ដោយដណ្ដើមគ្រប់គ្រងបាន ក្រុងយុទ្ធសាស្ត្រមួយចំនួន និងប៉ុស្តិ៍យោធាជាច្រើនកន្លែង។

ចំណែក អង្គការសហប្រជាជាតិបានអះអាងថាជនស៊ីវិល ២៥០នាក់ ក្នុងនោះមានទាំងកុមារត្រូវបានរាយការណ៍ថាទំនងជាបានបាត់ជីវិត ចាប់តាំងពីការវាយប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងកាលពីខែតុលាមក ខណៈប្រជាជនជាង ៥០០,០០០នាក់បានជម្លៀសខ្លួនគេចចេញពីជម្លោះ៕

រូបភាពពី Reuters