(ហ្សឺណេវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា កងទ័ពអ៉ីស្រាអែល បានប្រាប់ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះយកជំនួយ និងបរិក្ខារផ្គត់ផ្គង់នានាចេញពីឃ្លាំងស្ដុក នៅភាគខាងត្បូង ឱ្យអស់ មុនពេលការពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនកាន់តែខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Tedros បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «ថ្ងៃនេះ WHO ទទួលបានការដាស់តឿនពីកងកម្លាំងអ៉ីស្រាអែលរើសម្ភារផ្គត់ផ្គង់ របស់យើងចេញពីឃ្លាំងវេជ្ជសាស្រ្ត នៅភាគខាងត្បូងតំបន់ហ្កាហ្សា ក្នុងរយៈពេល ២៤ម៉ោង ដោយសារតែប្រតិបត្តិការជើងគោករបស់អ៉ីស្រាអែល អាចលើស ពីការរំពឹងទុក»។ លោក Tedros បានសរសេរបន្ថែមថា «យើងសូមអំពាវនាវដល់អ៉ីស្រាអែលឲ្យដកបទបញ្ជានោះចេញ ហើយចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារជនស៉ីវិលនិងហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងមន្ទីរពេទ្យ និងទីតាំងផ្តល់មនុស្សធម៌»។ ប៉ុន្តែ យោធាអ៉ីស្រាអែលបានចេញមុខបដិសេធថាខ្លួនមិន បានចេញសេចក្ដីបង្គាប់បែបនេះឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ទាហានអ៉ីសា្រអែលបានបញ្ជូនរថក្រោះជាច្រើនគ្រឿង ទៅកាន់ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃ ការពង្រីកប្រតិបត្តិការកម្ទេចក្រុមហាម៉ាស។ បើតាម WHO ចំនួនមន្ទីរពេទ្យដែលបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សា បានធ្លាក់ចុះពី ៣៦ទីតាំង មកនៅត្រឹម ១៨ទីតាំង ដោយអាចផ្តល់តែការសង្រ្គោះបឋម រីឯសេវាផ្សេងទៀតផ្តល់បានដោយផ្នែកប៉ុណ្ណោះ៕

រូបភាពពី Reuters