(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់ពីលើ​ច្រកសមុទ្រតៃវ៉ាន់ ដែលជាច្រកសមុទ្រដ៏រសើបបំផុតមួយ ស្ថិតនៅចន្លោះកោះតៃវ៉ាន់ហើយនិងប្រទេសចិន ខណៈទីក្រុងវ៉ាស៉ីនតោនបានចាត់ទុកបេសកកម្មនោះ ជាការបង្ហាញអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

យោធាជើងទឹកអាមេរិកបាននិយាយថា យន្តហោះឈ្លបការណ៍និងល្បាតដែនសមុទ្រ P-8A Poseidon ដែលអាចប្រើប្រាស់សម្រាប់់​បេសកម្មប្រឆាំងនាវាមុជទឹកផងដែរនោះ បានហោះហើរឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ នៅក្នុងដែនអាកាសអន្តរជាតិ។ សេចក្តីថ្លែងការណ៍​របស់យោធាអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការហោះហើរនៃយន្តហោះនេះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ស្តែងអំពីការប្តេជ្ញារបស់​សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលសេរីនិងបើកចំហ។ យោធាអាមេរិក នឹងបន្តហោះហើរ ធ្វើនាវាចរណ៍ និងបំពេញប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត»

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ មិនទាន់មានការបញ្ចេញប្រតិកម្ម ពីសំណាក់ទីក្រុងប៉េកាំងនៅឡើយទេ។ លើកចុងក្រោយដែលយោធាអាមេរិក បានប្រកាសពីការហោះហើរនៃយន្តហោះ Poseidon ឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ កាលពីខែតុលាកន្លងទៅ ចិនបានចេញមុខនិយាយថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំងឱ្យតាមឃ្លាំមើល និងព្រមានយន្តហោះអាមេរិក។ កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យ ត្រូវបានប្រទេសចិនប្រកាសទាមទារអធិបតេយ្យ ហើយចិនបានអះអាងថា ខ្លួនមានយុត្តាធិការលើ​ច្រកសមុទ្រតៃវ៉ាន់។ រីឯតៃវ៉ាន់និងអាមេរិកបានប្រកែកថា វាមិនដូច្នោះឡើយ ដោយច្រកសមុទ្រនោះ គឺជាផ្លូវទឹកអន្តរជាតិ៕

រូបភាពពី Reuters