(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron នឹងត្រូវចេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងថ្ងៃពុធនេះ ដើម្បីសង្កត់ធ្ងន់ពីសារសំខាន់ នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍ ពីក្រសួងការបរទេសចក្រភពអង់គ្លេស លោក Cameron ដែលទើបត្រូវបានតែងតាំងជាប្រមុខការទូតអង់គ្លេស នឹងសន្យាពីការបន្តគាំទ្រឥតរាថយរបស់ទីក្រុងឡុងដ៍សម្រាប់អ៊ុយក្រែន ដែលកំពុងតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ហើយរូបលោក ក៏នឹងជជែកអំពីបញ្ហាសង្រ្គាមអ៉ីស្រាអែល នៅឯដែនដីប៉ាឡេស្ទីន Gaza Strip ផងដែរ។

លោក Cameron បានលើកឡើងដូច្នេះថា «ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក មានកាតព្វកិច្ចចំពោះបេសកម្មរួមមួយ ក្នុងការការពារ​គុណតម្លៃ ដែលផ្តល់សន្តិសុខនិងវិបុលភាព សម្រាប់យើងទាំងអស់គ្នា។ ដូច្នេះហើយទើបពួកយើងនៅតែមិនងាករេនោះឡើយ ក្នុងការបន្តគាំទ្រ​ចំពោះអ៊ុយក្រែន។ ពួកយើងក៏មានការឯកភាពជុំវិញបញ្ហាមជ្ឈិមបូព៌ាផងដែរ ដោយនឹងខិតខំធ្វើការរួមគ្នា ដើម្បីជួយធានាសន្តិសុខ និងស្ថិរភាព​រយៈពេលវែងនៅក្នុងតំបន់នោះ»

យោងតាមក្រសួងការបរទេសអង់គ្លេស លោក Cameron នឹងបើកកិច្ចពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ព្រមទាំងជាមួយ សមាជិកសភាអាមេរិក ទាំងមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ។ ពួកគេនឹងជជែកអំពី​ការនាំយកជំនួយមនុស្សធម៌ទៅឱ្យ ប្រជាជនស៉ីវិលដែលរងគ្រោះដោយសារជម្លោះនៅតំបន់ Gaza និងមធ្យោបាយដែលប្រទេសទាំងពីរ អាចធ្វើការរួមគ្នាសំដៅឆ្ពោះទៅជួយសម្រេចបាន នូវដំណោះស្រាយរដ្ឋពីរ ដែលមានភាពគង់វង្សយូរអង្វែង។

គួរបញ្ជាក់ថា លោក David Cameron ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ហើយលោកត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសអង់គ្លេស ក្នុងសេចក្តីប្រកាសភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅពេល​នាយករដ្ឋមន្រ្តីអង់គ្លេសបច្ចុប្បន្ន លោក Rishi Sunak ធ្វើការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក៕