(បាងកក)៖ អាជ្ញាធរថៃនាថ្ងៃពុធនេះបាន​ឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាត ឬស្មើនឹង៥៧លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

លុយប្រហែល៥៧លានដុល្លារអាមេរិកខាងលើ ត្រូវបានរកឃើញនៅក្នុងគណនីច្រើនផ្សេងគ្នា កាន់កាប់ដោយស្រ្តីចំនួន៣នាក់ និងបុរសម្នាក់ ដែលធ្វើការនៅនាយកដ្ឋានពន្ធដារ ក្នុងខេត្ត Samut Prakhan ក្បែរទីក្រុងបាងកក។ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសថៃ ហៅកាត់ថា NACC បានសម្រេចបញ្ជូនសំណុំរឿងនេះទៅកាន់ ការិយាល័យអគ្គរាជអាជ្ញា ហើយក៏បានស្នើឱ្យតុលាការព្រហ្មទណ្ឌសម្រាប់បទល្មើស​ពុករលួយ បើកការស៉ើបអង្កេតជាផ្លូវការផងដែរ។

អ្នកនាំពាក្យ NACC បាននិយាយថា ក្រុមបុគ្គល៤នាក់នោះ ហាក់ «មានលុយច្រើនខុសប្រក្រតី» ខណៈទ្រព្យសម្បត្តិដែលត្រូវបានប្រកាស​របស់ពួកគេ ដែលរួមមានទាំងប្រាក់នៅក្នុងធនាគារ គឺមិនសមាមាត្រគ្នាជាមួយ ប្រាក់ចំណូលរដ្ឋាភិបាលរបស់ពួកគេឡើយ ហើយទាំង៤នាក់ សុទ្ធតែមិនអាចពន្យល់បកស្រាយ អំពីប្រភពនៃលុយទាំងនោះ។ បុគ្គលដែលជាបុរសតែម្នាក់ ឈ្មោះ Danai Damrongchaiyothin មានលុយ១.១ពាន់លានបាត (៣១លានដុល្លារអាមេរិក) នៅក្នុងគណនីសរុបចំនួន៧ ខណៈស្រ្តីម្នាក់ ក្នុងចំណោមស្រ្តីទាំង៣នាក់ មានជាង៥០០លានបាត (១៤លានដុល្លារ) នៅក្នុងគណនីចំនួន៥។

គួរបញ្ជាក់ថា ប្រាក់ខែចាប់ផ្តើមដំបូងនៃមន្រ្តីពន្ធដារនៅក្នុងប្រទេសថៃ គឺក្រោម៤៥០ដុល្លារក្នុងមួយខែ។ យោងតាមសេចក្តីថ្លែងការណ៍​របស់ NACC បុគ្គលទាំង៤នាក់ខាងលើ ត្រូវបានបណ្តេញចេញពីការងារមន្រ្តីរាជការរបស់ពួកគេហើយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ថា តើពួកគេត្រូវបានចោទប្រកាន់ឬចាប់ខ្លួន ដែរឬយ៉ាងណានោះទេ៕

រូបភាពពី AFP