(ប៉េកាំង)៖ សន្និសីទផលិតកម្មឆ្លាតវៃពិភពលោកឆ្នាំ២០២៣នឹងប្រារព្ធធ្វើនៅទីក្រុង Nanjing ប្រទេសចិនពីថ្ងៃទី៦ដល់ទី៨ខែធ្នូ ទ្រង់ទ្រាយ លំដាប់ថ្នាក់និងចំនួនផលិតផលត្រូវដាក់តាំងបង្ហាញ នៅសន្និសីទផលិតកម្មឆ្លាតវៃពិភពលោក ឆ្នាំនេះសុទ្ធតែបានបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្ត។ ពិព័រណ៍ផលិតកម្មឆ្លាតវៃពិភពលោក ដែលបានធ្វើឡើងក្នុងពេលដំណាលគ្នា មានទំហំតាំងពិព័រណ៍៦ម៉ឺនម៉ែត្រការ៉េ ដែលបានរៀបចំការតាំងពិព័រណ៍ពិសេសធំចំនួន៤ ពាណិជ្ជករចំនួនជាង៣៩០ ដែលមកពីប្រទេសនិងតំបន់ចំនួន១០ លើពិភពលោកបានចូលរួមពិព័រណ៍លើកនេះ ក្នុងនោះ ក៏បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង ៥០០លើពិភពលោកនិងសហគ្រាសសំខាន់ៗ ក្នុងមុខរបរនានាលើសពី៤០ផងដែរ។

ស្របនឹងពេលដែលការធ្វើបដិវត្តន៍ផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្មជុំថ្មី ទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅ ផលិតកម្មឆ្លាតវៃបាននិងកំពុងណែនាំទិសដៅនៃការអភិវឌ្ឍ និងនវានុវត្តន៍នៃឧស្សាហកម្មផលិតកម្មសកល។ ក្នុងដំណាក់កាលដែលក្តាប់ជាប់ ការធ្វើបរិវត្តកម្មនៃឧស្សាហកម្មផលិតកម្ម និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សន្និសីទផលិតកម្មឆ្លាតវៃពិភពលោកបានក្លាយជាវេទិកាជាន់ខ្ពស់ ក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យផលិតកម្មឆ្លាតវៃ ក្នុងពេលជាមួយគ្នានេះ វាក៏ជាបង្អួចដ៏សំខាន់សម្រាប់ឱ្យប្រទេសចិនបង្ហាញទៅកាន់ ពិភពលោកទាំងមូលនូវសមិទ្ធផលអភិវឌ្ឍន៍ ផ្នែកផលិតកម្មឆ្លាតវៃផងដែរ។

ការស្វែងរកផលិតកម្មឆ្លាតវៃបានក្លាយជាគំនិតឯកភាពរួម ក្នុងការជំរុញឱ្យឧស្សាហកម្មនានានៃប្រទេសចិនទទួលបាន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ សូមយកក្រុង Nanjing ដែលជាទីតាំងរៀបចំពិព័រណ៍ផលិតកម្មឆ្លាតវៃពិភពលោកជាឧទាហរណ៍ នៅឆ្នាំ២០២២ តម្លៃផលិតកម្មសរុបខាងឧស្សាហកម្មនៃទីក្រុង Nanjing គឺបានលើសពី១.៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង៥.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។ ក្នុងនោះ មុខរបរ គ្រឿងបរិក្ខារដែលផលិតដោយភាពឆ្លាតវៃ ដែលយកមនុស្សយន្តឧស្សាហកម្ម ឧបករណ៍ស្វ័យប្រវត្តិកម្មពេញលេញ គ្រឿងបរិក្ខារចរាចរណ៍ទំនិញឆ្លាតវៃនិងប្រព័ន្ធគ្រប់គ្រង ដោយភាពឆ្លាតវៃជាតំណាងបានកើនឡើងយ៉ាងឆាប់រហ័ស ចំណេញអាជីវកម្មនៃសហគ្រាសជាង១៤០០នៃខ្សែសង្វាក់ ឧស្សាហកម្មអំពីគ្រឿងបរិក្ខារដែលផលិតដោយភាពឆ្លាតវៃ នៅទូទាំងទីក្រុងបានកើនឡើង២៣.៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ខ្សែសង្វាក់ឧស្សាហកម្មអំពីគ្រឿងបរិក្ខារ ដែលផលិតដោយភាពឆ្លាតវៃនៃទីក្រុងNanjingបានសម្រេចចំណេញអាជីវកម្មលើសពី២សែនលានយាន់ប្រាក់ចិន។ ក្រោមរលកសេដ្ឋកិច្ចឌីជីថល “ផលិតកម្មឆ្លាតវៃ”ជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើឱ្យប្រទេសជាតិមានភាពខ្លាំងក្លា និងជាផ្លូវសម្រាប់ធ្វើឱ្យប្រទេសេជាតិ មានភាពខ្លាំងក្លាក្នុងការធ្វើឧស្សាហូបនីយកម្មបែបថ្មី ហើយក៏ជាវិស័យដ៏សំខាន់របស់ការវិនិយោគទុនបរទេសផងដែរ ។ ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយ បានបង្ហាញថា ពីខែមករា ដល់ខែតុលា ឆ្នាំនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែង ចំនួន៩៨៧០១០លានប្រាក់យាន់ចិន ក្នុងនោះឧស្សាហកម្មផលិតកម្មបានប្រើប្រាស់ ទុនបរទេសជាក់ស្តែងចំនួន២៨៣៤៤០លានប្រាក់យាន់ចិន ដែលបានកើនឡើង១,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន រីឯទុនបរទេសដែលឧស្សាហកម្មផលិតកម្មបច្ចេទេសខ្ពស់ បានប្រើប្រាស់ជាក់ស្តែងបានកើនឡើង៩,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្រៅពីនេះ ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសទុនបរទេសថ្មីចំនួន៤១៩៤៧សហគ្រាស ដែលបានកើនឡើង៣២,១ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ការច្នៃប្រឌិតថ្មីនិងការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ជាកាលានុវត្តភាពអភិវឌ្ឍន៍ដែលសហគ្រាសបរទេសយកចិត្តទុកដាក់ក្រៃលែង ។ ក្នុងរយៈពេលបីត្រីមាសដើមឆ្នាំនេះ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានធ្វើការស្ទង់ប្រជាមតិចំពោះសហគ្រាសបរទេស ចំនួន៧រយ ក្នុងនោះមាន៦៧ភាគរយគឺជាសហគ្រាសផលិតកម្ម ។ លទ្ធផលនៃការស្ទង់ប្រជាមតិបានបង្ហាញថា សហគ្រាសដែលចូលរួមការផ្តល់បទសម្ភាសន៍ បានសម្គាល់ឃើញក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នាថា ការច្នៃប្រឌិតថ្មីនិងការសិក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ជាកាលានុវត្តភាពអភិវឌ្ឍន៍ធំជាងគេក្នុងទីផ្សារចិន។

ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ នៅប្រទេសចិន មុខរបរផលិតបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្រ និងមុខរបរផលិតបរិក្ខារទូរគមនាគមន៍និងអេឡិចត្រូនិក បានប្រើប្រាស់ទុនបរទេសជាក់ស្តែងកើនឡើង៣៤,៦ភាគរយ និង១៤,៨ភាគរយដោយឡែកពីគ្នា។ សហគ្រាសបរទេសជាច្រើនបានអះអាងថា ប្រទេសចិនមានសមត្ថភាពសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតថ្មីខាងបច្ចេកទេសកម្រិតខ្ពស់ ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ការផលិត និងសិក្សាស្រាវជ្រាវជាដើមរបស់សហគ្រាស។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការនីមួយៗ និងលទ្ធផលវិនិយោគនីមួយៗ បានសឱ្យឃើញនូវជំនឿចិត្តរបស់ទុនបរទេសដែលមានសុទិដ្ឋិនិយមជាបន្តបន្ទាប់ចំពោះ “ផលិតកម្មរបស់ចិន”។

ពី“ផលិតកម្ម”ទៅដល់ “ផលិតកម្មឆ្លាតវៃ” គ្រាន់តែខុសគ្នាត្រង់ពាក្យពេចន៍បន្តិចប៉ុណ្ណោះ តែវាបង្ហាញឱ្យឃើញនូវនិន្នាការថ្មីបំផុតរបស់ ឧស្សាហកម្មផលិតកម្មសកល ដែលបាននិងកំពុងអភិវឌ្ឍទៅកាន់កម្រិតខ្ពស់និងភាពឆ្លាតវៃ។ រីឯឧស្សាហកម្មផលិតកម្មរបស់ចិន ក៏បានធ្វើបរិវត្តកម្មទៅកាន់ភាពឆ្លាតវៃ ព្រមនិងបានចូលរួមយ៉ាងស៊ីជម្រៅក្នុងកិច្ចសហប្រតិបតិ្តការ នៃផលិតកម្មឆ្លាតវៃសកលផងដែរ ។ “ផលិតកម្មឆ្លាតវៃ” នឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ហើយនឹងផ្តល់ការទ្រទ្រង់ដ៏សំខាន់ដល់ ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ក៏ដូចជានឹងធ្វើឱ្យប្រជាជនកាន់តែច្រើន អាចចែករំលែកផលប្រយោជន៍អភិវឌ្ឍន៍ផងដែរ !

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន