(ប៉េកាំង)៖ "ខ្ញុំបានមើលឃើញទួរប៊ីនខ្យល់ បន្ទះថាមពលសូឡានិងឧបករណ៍ផ្ទុកថាមពលរាប់ពាន់ថាមពលអគ្គិសនី ត្រូវបានបញ្ជូនទៅដល់ទីក្រុងប៉េកាំងតាមរយៈខ្សែបណ្តាញចែកចាយអគ្គិសនី។ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុមានភាពអស្ចារ្យគួរឱ្យភ្ញាក់ផ្អើរណាស់"។ នាពេលថ្មីៗកន្លងទៅនេះ លោក Neil Bush ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិទំនាក់ទំនងរវាងអាមេរិកនិងចិនបានពិពណ៌នា អំពីទិដ្ឋភាពដែលលោកបានមើលឃើញ នៅតំបន់វាលខ្សាច់និងវាលថ្មខ្សាច់ដែលឋិតនៅតំបន់ភាគពាយ័ព្យនៃប្រទេសចិនកាលពីដើមឆ្នាំនេះ។

គិតត្រឹមចុងខែកញ្ញា ឆ្នាំនេះ ចំណុះសរុបនៃការផលិតអគ្គិសនីដើរដោយថាមពលខ្យល់ថ្មីរបស់ចិន បានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ហើយចំណុះសរុបនៃការផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់ របស់ចិនក៏បានជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោកក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នាផងដែរដែលត្រូវជាលើសពី ៥០ ភាគរយនៃទីផ្សារសកល ។ នាពេលបច្ចុប្បន្ននេះ ចំណុះសរុបនៃការផលិតថាមពលអគ្គិសនី ដើរដោយប្រព័ន្ធ PV នៅទូទាំងពិភពលោកមានចំនួនជិតពាក់កណ្តាលនៅក្នុងប្រទេសចិន រថយន្តដើរដោយថាមពលស្អាតមាន ចំនួនលើសពីពាក់កណ្តាលកំពុងបើកបរនៅក្នុងប្រទេសចិន ហើយទំហំផ្ទៃដីដាំដុះរុក្ខជាតិបៃតងថ្មីនៅទូទាំងពិភពលោក ប្រហែលមានមួយភាគបួន គឺមកពីប្រទេសចិន ។ល។

ឆ្លងតាមរយៈទិន្នន័យទាំងនេះ វាធ្វើឱ្យអ្នកផងមិនពិបាកយល់ថា ហេតុអ្វីបានជាការរួមចំណែករបស់ប្រទេសចិនអាចទទួលបាន ការយកចិត្តទុកដាក់ពីបណ្តាភាគីនានានៅក្នុងមហាសន្និបាតភាគីហត្ថលេខីលើកទី ២៨ នៃ《អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ》(COP28) ដែលកំពុងបើកធ្វើនៅទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នានៅលើភពផែនដីប្រហែល មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ធាតុអាកាសជ្រុលខ្លាំងកើតមានជាញឹកញាប់ បម្រែបម្រួលអាកាសធាតុបានក្លាយជាវិបត្តិពិតប្រាកដ ។ អង្គការឧតុនិយមពិភពលោកបានចេញផ្សាយរបាយការណ៍ នាថ្ងៃបើកមហាសន្និបាត COP28 ដោយបានប្រកាសថា ឆ្នាំ ២០២៣ ជាឆ្នាំដ៏ក្តៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ចាប់ពីមានកំណត់ត្រាមកនៅទូទាំងពិភពលោក។

ដោយសារតែប្រឈមមុខនឹងការសាកល្បងដ៏តឹងរ៉ឹង បានជាមហាសន្និបាត COP28 លើកនេះរំពឹងថា នឹងធ្វើការបូកសរុបជាសកលជាលើកដំបូងតាមរយៈសភាពការណ៍អនុវត្ត «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ដើម្បីរកបានគម្លាត ក៏ដូចជាដាស់តឿនឱ្យអ្នកផងទាំងពួង ចាត់ប្រតិបតិ្តការកាន់តែមានប្រសិទ្ធភាព ក្នុងន័យកាត់បន្ថយការប្រើប្រាស់ថាមពលហ្វូស៊ីល និងការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់ ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់កម្រិត ឡើងក្តៅនៃសីតុណ្ហភាពឱ្យស្ថិតនៅរង្វង់ ១,៥ អង្សា ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើទូទាំងពិភពលោក ប្រទេសចិនបានដើរតួនាទីជំរុញដ៏សំខាន់ក្នុងការជំរុញ ការឈានដល់និងការចូលជាធរមាននៃ «កិច្ចព្រមព្រៀងប៉ារីស» ហើយក៏បានធ្វើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាន នូវគោលដៅយូរអង្វែងជាប់រហូតផងដែរ។ ប្រទេសចិនបានចាត់ទុកការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុជាយុទ្ធសាស្ត្រជាតិ បានអភិវឌ្ឍថាមពលកកើតឡើងវិញ ជំរុញការកែសម្រួលនៃឧស្សាហកម្ម ថាមពលនិងរចនាសម្ព័ន្ធគមនាគមន៍និងដឹកជញ្ជូន ក៏ដូចជាបង្កើតទីផ្សារកាបូនដែលមានទ្រង់ទ្រាយធំបំផុត ក្នុងការគ្របដណ្តប់លើការបញ្ចេញឧស្ម័នពីផ្ទះកញ្ចក់លើពិភពលោក ។ល។ នៅឆ្នាំ ២០២២ ការបញ្ចេញកាបូនិចរបស់ចិនបានធ្លាក់ចុះលើសពី ៥១ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០០៥ ហើយអនុបាតនៃការប្រើប្រាស់ថាមពលឥន្ធនៈ មិនមែនហ្វូស៊ីលបានឡើងដល់ ១៧,៥ ភាគរយ។

អ្វីដែលខ្វះខាតក្នុងការធ្វើអភិបាលកិច្ចអាកាសធាតុសកល មិនត្រឹមតែជាពាក្យសន្យាតាមតែមាត់ប៉ុណ្ណោះទេ ថែមទាំងក៏រឹតតែជាប្រតិបត្តិការជាក់ស្តែងផងដែរ។ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ គ្មានប្រទេសណាមួយអាចគេចវេះរួចបានទេ ។ ការអនុវត្តពហុភាគីនិយមដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ឆ្លើយតបយ៉ាងពេញលេញចំពោះកង្វល់របស់ ប្រទេសកំពុងអភិវឌ្ឍន៍ សាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបតិ្តការ ដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង ទើបជាមធ្យោបាយជាមូលដ្ឋានសម្រាប់ការឆ្លើយតបនឹង បម្រែបម្រួលអាកាសធាតុរបស់មនុស្សជាតិ៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន