(ប៉េកាំង)៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ការលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព ប្រសិទ្ធភាពរវាង ចិននិងសហរដ្ឋអាមេរិក គឺពិតជាមានសារៈសំខាន់ណាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលជជែកគ្នានោះ លោក Blinken បានលើកឡើងអំពី ដំណើរទស្សនកិច្ចរបស់លោកនៅតំបន់មជ្ឈិមបូព៌ា និងនយោបាយការទូតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ ចំណែកក្រសួងការបរទេសចិន ក៏បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រមុខកាទូតទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញសង្រ្គាមអ៉ីសា្រអែល-ហាម៉ាស ហើយព្រមព្រៀងរក្សាការប្រាស្រ័យទាក់ទងគ្នា អំពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។

លោក Wang បាននិយាយថា អាទិភាពកំពូលនៅពេលនេះ គឺត្រូវបញ្ឈប់ការវាយប្រយុទ្ធគ្នា «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។​ រីឯ លោក Blinken បានថ្លែងអំណរគុណដល់ លោក Wang ដែលបានទៅកាន់ស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ដើម្បីសម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាព របស់អតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger។

គួរបញ្ជាក់ថា ក្រៅពីនិយាយដល់ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក លោក Wang ក៏បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃបញ្ហាតៃវ៉ាន់ចំពោះចិន ព្រមជាមួយនិងការលើកឡើងពីបទពិសោធន៍ផ្នែកការទូតរបស់ លោក Kissinger ថាសក្តិសមក្នុងការបន្ត និងអភិវឌ្ឍដោយមនុស្សជំនាន់ក្រោយ៕