(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយនៅថ្ងៃពុធ ទី៦ ខែធ្នូ ថា លោកមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់អាយុជីវិត អំឡុងពេលជំងឺរាតត្បាតកូវីដ១៩ កំលុងពេលបង្ហាញខ្លួនជាសាក្សីក្នុងការស៊ើបអង្កេតជាផ្លូវការ លើការដោះស្រាយការរាតត្បាតរបស់ចក្រភពអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

លោក Johnson បាននិយាយនៅពេលចាប់ផ្តើមសវនាការថា លោករីករាយដែលអាចផ្តល់ភស្តុតាង និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការឈឺចាប់របស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ សវនាការ​ត្រូវ​បាន​រំខាន​ដោយ​បាតុករ​ម្នាក់​ ដែល​ត្រូវ​បាន​ប្រធាន​ស៊ើបអង្កេត​ស្នើ​ឱ្យ​ចាកចេញ។

លោកបាននិយាយយ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា ខ្ញុំយល់ពីអារម្មណ៍របស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ហើយខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ ការបាត់បង់របស់ជនរងគ្រោះទាំងនេះ និងក្រុមគ្រួសាររបស់ពួកគេបានជួបប្រទះ»។

លោក​បានបន្តទៀតថា «វាជៀសមិនរួចទេដែលយើងបានធ្វើខុសខ្លះ» មុននឹងបន្ថែមថា «យើងបានប្រឹងប្រែងអស់ពីសមត្ថភាព» ហើយថាលោកបានទទួលខុសត្រូវផ្ទាល់ខ្លួន ចំពោះការសម្រេចចិត្តដែលគាត់បានធ្វើ។

លោក Johnson បានបម្រើការជានាយករដ្ឋមន្ត្រីរយៈពេល ៣ ឆ្នាំចន្លោះឆ្នាំ ២០១៩ និង ២០២២ ដោយបានលាលែងពីតំណែងដោយអាម៉ាស់ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ រួមទាំងរបាយការណ៍ដែលថា លោក និងមន្ត្រីផ្សេងទៀតបានចូលរួមពិធីជប់លៀងគ្រឿងស្រវឹងនៅ Downing Street ចន្លោះឆ្នាំ ២០២០ និង ២០២១ នៅពេលដែលប្រជាជនអង់គ្លេសភាគ បង្ខំឱ្យស្នាក់តែក្នុងផ្ទះ។

គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២១ មនុស្សជិត ១៣០,០០០ នាក់បានស្លាប់ដោយសារកូវីដ១៩ នៅចក្រភពអង់គ្លេស ដែលជាចំនួនអ្នកស្លាប់ផ្លូវការដ៏អាក្រក់បំផុត ក្នុងចំណោមបណ្តាប្រទេសលោកខាងលិច៕

រូបភាពពី AFP