(អាប៊ូដាប៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមហើយនៅថ្ងៃពុធសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយ ក្រៅពីអតីតសហភាពសូវៀត​ ខណៈដែលទីក្រុងម៉ូស្គូកំពុងស្វែងរកការគាំទ្រឡើងវិញនៅលើឆាកអន្តរជាតិ​ ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៉ី RIA Novosti ក៏បានរាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនផងដែរថា «យន្តហោះរបស់ពូទីនបានចុះចតនៅទីក្រុង Abu Dhabi» ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសម្ចាស់ផ្ទះ។

យន្តហោះ​របស់ លោក ពូ​ទីន ​អម​ដោយ​យន្តហោះ​យោធា​ជាច្រើន​គ្រឿង​ដើម្បី​ទទួលស្វាគមន៍​ ពេល​វា​ចូល​ដល់ដែនអាកាស​អារ៉ាប់​រួម​។ ប្រធានាធិបតី​អារ៉ាប់រួម Sheikh Mohammed បាន​មកទទួល​ លោក ពូទីន ខណះទទួល​ស្វាគមន៍​ជា​ផ្លូវការ​នៅ​វិមាន Al Watan។ ក្បួន​រថយន្ត​ប្រធានាធិបតី​រុស្ស៊ី​អម​ដោយ​ក្រុម​ឆ្មាំ​កិត្តិយស​ជិះ​សេះ​អារ៉ាប់ទៀតផង។

ទីភ្នាក់ងារសារព័ត៌មានអេមៀរ៉ាត់អារ៉ាប់រួម (WAM) បានរាយការណ៍ថា ភ្លេងជាតិរបស់ប្រទេសទាំងពីរត្រូវបានលេង ហើយការបាញ់កាំជ្រួចចំនួន ២១ គ្រាប់ត្រូវបានបាញ់ចេញជាផ្នែកនៃពិធីស្វាគមន៍។ បន្ទាប់មកក៏មានការបង្ហាញ​ ពីលើអាកាស ដោយគូរលើផ្ទៃមេឃជាពណ៌ទង់ជាតិរុស្ស៊ីផងដែរ៕