(វ៉ាស៊ីនតោន)​៖ កាសែតអាមេរិក Wall Street Journal ​(WSJ) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានរាយការណ៍ថាអ៉ីស្រាអែល បានដំឡើងប្រព័ន្ធម៉ាស៊ីនបូមទឹកដ៏ធំមួយ ដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីបូមទឹកសមុទ្រពន្លិច «ផ្លូវរូងក្រោមដី» របស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។

Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ តាមកាសែតអាមេរិកនេះដដែល កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ កងទ័ពអ៉ីស្រាអែលបានបញ្ចប់ការដំឡើង ប្រព័ន្ធម៉ាស៊ីនបូមទឹកយ៉ាងហោចចំនួន ៥ ស្ថិតនៅចម្ងាយប្រហែល១.៦គីឡូម៉ែត្រពីភាគខាងជើងនៃជំរំជនភៀសខ្លួន Al-Shati ដែល អាចបូមទឹកសមុទ្ររាប់ពាន់ម៉ែត្រគូបក្នុងរយៈពេល ១ម៉ោង ដើម្បីពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសក្នុងពេលប៉ុន្មានសប្ដាហ៍។

អ៉ីស្រាអែល កាលពីខែវិច្ឆិកាកន្លងទៅ ក៏បានជូនដំណឹងជាមុនដល់សហរដ្ឋអាមេរិកដែរពីផែនការបូមទឹកសមុទ្រពន្លិច ផ្លូវរូងក្រោមដីរបស់ ក្រុមហាម៉ាស ដោយកំពុងបង្កឱ្យមានការជែកដេញដោលពីប្រសិទ្ធភាព និងផលប៉ះពាល់នានា ជាពិសេសគឺបរិស្ថាន និងការរស់នៅ របស់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ដែលអាចនឹងធ្វើឱ្យអ៉ីស្រាអែលត្រូវបានប្រឈមមុខនឹងការខាតបង់ច្រើន ជាជាងទទួលបាន ផលចំណេញពីការកម្ទេចផ្លូវរូងក្រោមដី។

ក្រុមមន្ត្រីអាមេរិកបាននិយាយថាពួកគេមិនបានដឹងនោះទេថាតើអ៉ីស្រាអែលខិតកាន់តែកៀកដល់កម្រិតណាក្នុងការអនុវត្តផែនការនេះ? អ៉ីស្រាអែលខ្លួនឯង មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយទេ តែក៏មិនបានច្រានចោលផែនការនេះដែរ។ ចំណែក ការយល់ឃើញ នៅក្នុងចំណោមក្រុមមន្ត្រីអាមេរិកវិញមានភាពចម្រុះ។ មន្ត្រីអាមេរិកខ្លះជាលក្ខណៈឯកជនបានបង្ហាញការព្រួយបារម្ភពីផែនការបូមទឹក សមុទ្រពន្លិចផ្លូវរូងក្រោមដី ខណៈខ្លះទៀតនិយាយថាសហរដ្ឋអាមេរិកគាំទ្រការបំផ្លាញផ្លូវរូងក្រោមដី និងមិនចាំបាច់ត្រូវជំទាស់នឹង ផែនការនេះឡើយ។

មកទល់នឹងពេលនេះ អ៉ីស្រាអែលបានអះអាងថាកម្លាំងរបស់ខ្លួនបានកំណត់ទីតាំងផ្លូវរូងក្រោមដីជាង៨០០កន្លែង បើទោះជាពួកគេ ទទួលស្គាល់ថាបណ្ដាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសមានច្រើនជាងនេះក៏ដោយ។ មន្ត្រីម្នាក់ដែលបានដឹងពីផែនការរបស់អ៉ីស្រាអែល បានប្រាប់ Wall Street Journal ថាការបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីអាចនឹងបង្ខំឱ្យក្រុមហាម៉ាសចេញមកក្រៅ ដោយនាំ ចំណាប់ខ្មាំងចេញមកជាមួយ។ ប៉ុន្តែ សេចក្ដីរាយការណ៍នេះមិនបានបញ្ជាក់ឱ្យច្បាស់ ថាតើអ៉ីស្រាអែលនឹងបូមទឹកសមុទ្រ ពន្លិចផ្លូវរូងក្រោមដី មុនចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងសិន ឬក៏យ៉ាងណានោះទេ ស្របពេលមានការអះអាងថាក្រុមហាម៉ាស បានចាប់ខ្លួនចំណាប់ខ្មាំងឃុំនៅទីកន្លែងសម្ងាត់ ក្នុងនោះមានទាំងរូងក្រោមដីផងដែរ។

តាមមន្ត្រីរូបនេះដដែល គេមិនទាន់អាចកំណត់ថាតើការបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីក្រុមហាម៉ាស អាចនឹងទទួលបានជោគជ័យ ឬមានប្រសិទ្ធភាពដល់កម្រិតណាទេ ដរាបណាគេមិនទាន់ដឹងលម្អិតពីផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស និងថាតើបរិមាណទឹកសមុទ្រ ចំនួនប៉ុន្មានដែលនឹងត្រូវបូម? ក្រុមហាម៉ាសបានប្រើប្រាស់ផ្លូវរូងក្រោមដីជាកន្លែងលាក់ខ្លួន និងឆ្មក់វាយប្រហារលើទាហានអ៉ីស្រាអែល ដោយមិនឱ្យដឹងខ្លួន។ ផ្លូវរូងក្រោមដីខ្លះត្រូវបានគេជឿថាត្រូវបានសាងសង់ជាមួយបេតុង យ៉ាងរឹងមាំ មានបណ្ដាញថាមពល និងទំនាក់ទំនងទៀតផង។

បច្ចុប្បន្ន ប្រជាជនហ្កាហ្សាភាគច្រើនមិនមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នោះទេ ហើយក្នុងចំណោមប្រភពទឹកស្អាតដែលពួកគេទទួលបាន ក្នុងតំបន់ហ្កាហ្សា គឺបានមកពីរោងចក្រធ្វើប្រព្រឹត្តកម្មទឹកស្អាតមួយចំនួនដែលថ្មីៗនេះបានគាំងដំណើរការទៅហើយ។ នៅមុនថ្ងៃទី៧ ខែតុលា មានបំពង់ទឹកស្អាតរបស់អ៉ីស្រាអែលចំនួន ៣ បញ្ជូនទឹកទៅកាន់តំបន់ហ្កាហ្សា តែមានបំពង់មួយត្រូវបានបិទ រីឯបំពង់២ផ្សេងទៀតកំពុងធ្វើ ប្រតិបត្តិការក្រោមការកាត់បន្ថយកម្រិតទឹក។ ជាធម្មតា ប្រព័ន្ធផ្គត់ផ្គង់ទឹកអាចផ្គត់ផ្គង់ទឹក ៨៣លីត្រសម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។ តែឥលូវ ប្រជាជនប៉ាឡេស្ទីនទទួលបានទឹកមិនដល់ ៣លីត្រផងក្នុងមួយថ្ងៃ ហើយបរិមាណនៃតម្រូវការទឹកយ៉ាងហោចក៏ត្រូវមាន ១៥លីត្រក្នុងមួយ ថ្ងៃដែរ។ នេះបើតាមអង្គការសហប្រជាជាតិ។

លោក Jon Alterman ជាអនុប្រធានម្នាក់មកពីវិទ្យាស្ថាន Center for Strategic and International Studies មានមូលដ្ឋានក្នុង ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ដោយសារតែគេមិនទាន់អាចដឹងថាតើផ្លូវរូងក្រោមដីអាចជ្រាបទឹក ឬធន់នឹងទឹកបានកម្រិតណា និងថាតើ ទឹកសមុទ្រទំហំប៉ុនណានឹងជ្រាបចូលទៅក្នុងដី ហើយថាតើអ្វីទៅជាផលប៉ះពាល់ វាពិតជាពិបាកណាស់ក្នុងការវាយតម្លៃពីប្រសិទ្ធភាព និងផលប៉ះពាល់នៃការបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដី។ លោកបន្តថាវាក៏ពិបាកខ្លាំងណាស់ដែរក្នុងការវាយតម្លៃថាតើនឹងមានអ្វីកើតឡើង ចំពោះទឹកបម្រុងនៅក្រោមដី ទឹកស្អាតដែលមានស្រាប់ និងប្រព័ន្ធរំដោះទឹក និងជាពិសេសគឺស្ថិរភាពនៃអគារនៅក្បែររូងក្រោមដីទាំងនោះ។ អតីតមន្ត្រីអាមេរិកម្នាក់ដែលបានដឹងពីផែនការបូមទឹកសមុទ្រនេះ បានទទួលស្គាល់ថាផែនការបូមទឹកពន្លិចផ្លូវរូងក្រោមដីនឹងធ្វើឱ្យរដ្ឋបាល លោក ចូ បៃដិន ស្ថិតនៅលើគោលជំហរមួយដ៏លំបាក ចំពោះមុខសម្ពាធ និងការថ្កោលទោសពីសំណាក់អន្តរជាតិ ពាក់ព័ន្ធនឹងការគាំទ្រដល់ អ៉ីស្រាអែល។ ប៉ុន្តែមន្ត្រីរូបនេះជឿថាការបូមទឹកសមុទ្រនេះគឺជាជម្រើសមួយដ៏មានប្រសិទ្ធភាពជាងជម្រើសដទៃទៀត ក្នុងការកម្ទេចទាំងស្រុង ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស។

លោក Wim Zwijnenburg ជាអ្នកជំនាញម្នាក់សិក្សាពីផលប៉ះពាល់នៃសង្រ្គាមលើបរិស្ថានក្នុងតំបន់មជ្ឈិមបូព៌ា បានកត់សម្គាល់ថាប្រហែលជា ១ភាគ៣នៃបណ្ដាញរូងក្រោមដីរបស់ក្រុមហាម៉ាសបានរងការខូចខាត ដូច្នេះអ៉ីស្រាអែលត្រូវបូមទឹកសមុទ្រប្រមាណ ១លានម៉ែត្រគូប ដើម្បី ពន្លិចរូងក្រោមដីនៅសេសសល់។ អ្នកជំនាញរូបនេះក៏បានព្រមានដែរថាប្រសិទ្ធភាពនៃផែនការនេះគឺវាអាស្រ័យលើបរិមាណទឹកសមុទ្រ ពោលគឺ បើការបូមបរិមាណទឹកសមុទ្រមិនគ្រប់គ្រាន់ នោះវានឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់ផ្លូងរូងក្រោមដី។ ផ្ទុយទៅវិញ ការបូមទឹកសមុទ្រ ក្នុងបរិមាណច្រើនវិញ នោះវាអាចនឹងបំផ្លាញធ្ងន់ធ្ងរដល់គុណភាពទឹកនៅក្រោមដី រួមទាំងប្រព័ន្ធទឹកស្អាតក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ អេហ្ស៉ីបក៏ធ្លាប់បានបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសនៅក្រោមតំបន់ព្រំដែន Rafah ផងដែរ ដោយបង្កឱ្យមានការរិះគន់ និងការត្អូញត្អែរពីកសិករនៅជុំវិញតំបន់នេះអំពីការបំផ្លិចបំផ្លាញដល់ដំណំាដាំដុះរបស់ពួកគេ។ លោក Mick Mulroy ជាអតីតឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថាជាធម្មតា យោធានានាក្នុងនោះរួមមានទាំងយោធាអ៉ីស្រាអែល ប្រើប្រាស់សត្វសុនខ និងរ៉ូបូត ដើម្បីត្រួតពិនិត្យការគំរាមកំហែង ឬតាមស្វែងរកចំណាប់ខ្មាំង មុននឹងបញ្ជូនកងទ័ពចូលទៅក្នុងផ្លូវរូងក្រោមដី។

លោកបន្ថែមថាសត្វសុនខគឺមានប្រសិទ្ធភាពបំផុតក្នុងភារកិច្ចនេះ ប៉ុន្តែចាំបាច់ត្រូវបានមានទាហាននៅតាមជាមួយចូលក្នុងផ្លូវរូងក្រោមដី ខណៈ រ៉ូបូតធ្វើចលនាយឺតៗ ហើយការប្រើប្រាស់មនុស្សផ្ទាល់គឺប្រថុយនឹងគ្រោះថ្នាក់។ ចំណែក ការប្រើប្រាស់ទឹកសមុទ្រក្នុងរយៈពេលវែងវិញអាចបង្ខំឱ្យ ក្រុមហាម៉ាសចេញពីរូងក្រោមដី ប៉ុន្តែប្រសិនបើទឹកទៅជាប្រៃទាំងអស់ នោះមហន្តរាយមនុស្សជាតិនឹងកើតឡើងដោយចៀសមិនរួច៕