(តេហេរ៉ង់)៖ អ៊ីរ៉ង់បានប្រកាសឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបញ្ជូនយាន្តអាវកាសមួយដែលដឹកសត្វចូលទៅក្នុងគន្លង ខណៈដែលខ្លួនកំពុងត្រៀមរៀបចំ សម្រាប់បេសកកម្មដឹកមនុស្សនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីរដ្ឋមន្ត្រីទូរគមនាគមន៍ លោក Isa Zarepour ដោយនិយាយថា យាន្តអាវកាសនេះត្រូវបានបាញ់បង្ហោះក្នុងរយៈចម្ងាយ ១៣០ គីឡូម៉ែត្រ ( ៨០ ម៉ាយ) ចូលទៅក្នុងគន្លង។

លោក Zarepour បានគូសបញ្ជាក់ទៀតថា ការបាញ់បង្ហោះយានអវកាសទម្ងន់ ៥០០ គីឡូក្រាមនេះ មានគោលបំណងបញ្ជូនអវកាសយានិកអ៊ីរ៉ង់ ទៅកាន់ទីអវកាសក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា តើ​សត្វ​ប្រភេទ​ណា​នៅ​ក្នុង​យាន្តអាវកាស​នោះ​ទេ។ ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​វីដេអូ​ នៃ​គ្រាប់​រ៉ុក្កែត​ឈ្មោះ Salman ជាអ្នក​ដឹក​យាន្តអាវកាសខាងលើ​ចូល​ទៅ​ក្នុង​លំហ។

អ៊ីរ៉ង់ ម្តងម្កាលបានប្រកាសពីការជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណប និងយានអវកាសផ្សេងទៀតរបស់ខ្លួន។ ជាក់ស្តែងដូចជាកាលពីខែកញ្ញា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបប្រមូលទិន្នន័យទៅកាន់ទីអវកាសដោយជោគជ័យ។ ហើយក្នុងឆ្នាំ ២០១៣ អ៊ីរ៉ង់បានឱ្យដឹងទៀតថា ខ្លួនបានបញ្ជូនសត្វស្វាមួយក្បាលទៅកាន់លំហ ហើយបានត្រឡប់មកវិញដោយជោគជ័យផងដែរ។

គួរបញ្ជាក់ថា អ៊ីរ៉ង់តែងតែបានអះអាងថា ផ្កាយរណបរបស់ខ្លួនគឺធ្វើឡើងសម្រាប់គោលបំណងស្រាវជ្រាវវិទ្យាសាស្រ្ត និងកម្មវិធីស៊ីវិលផ្សេងទៀតប៉ុណ្ណោះ។ ប៉ុន្តែទាំងសហរដ្ឋ​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត ​មាន​ការ​សង្ស័យ​ជា​យូរ​មក​ហើយ​ចំពោះគោលបំណងនេះ​ ព្រោះ​បច្ចេកវិទ្យា​ដូចគ្នា​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​អភិវឌ្ឍ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ៕

រូបភាពពី Reuters