(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសថាខ្លួនបានសម្រេចបញ្ឈរជើងយន្ដហោះយោធា ប្រភេទ V-22 Osprey ទាំងអស់ ក្រោយគ្រោះថ្នាក់ធ្លាក់កាលពីសប្ដាហ៍មុននៅឯឆ្នេរសមុទ្រជប៉ុន បានសម្លាប់មនុស្សជិះនៅលើនោះ៨នាក់។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។

ទីបញ្ជាការប្រតិបត្តិការពិសេសកងទ័ពអាកាសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាការសម្រេចចិត្តខាងលើធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ហានិភ័យ ខណៈការស៊ើបអង្កេតពីមូលហេតុធ្លាក់របស់យន្ដហោះ V-22 Osprey កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ កំពុងបន្តធ្វើឡើង ។ សេចក្ដីថ្លែងការណ៍នេះដដែលបន្ថែមថាការស៊ើបអង្កេតបឋមបានឱ្យបង្ហាញថាបញ្ហាបរិក្ខារអាចជាមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់ ប៉ុន្តែ មូលហេតុនាំឱ្យមានបញ្ហានេះកើតឡើងនៅមិនទាន់ត្រូវបានកំណត់ឱ្យច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា V-22 Osprey ដែលជាប្រភេទយន្ដហោះកូនកាត់ គឺអាចហោះឡើងដូចឧទ្ធម្ភាគចក្រ និងអាចហោះដូចជាយន្ដហោះបានជួបប្រទះ ឧប្បត្តិហេតុធ្លាក់ចំនួន ៣លើករួចមកហើយក្នុងរយៈពេលមួយឆ្នាំមកនេះ។ តួយ៉ាងកាលពីចុងខែសីហាកន្លងទៅ ទាហានម៉ារីនអាមេរិក៣នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ V-22 Osprey នៅភាគខាងជើងប្រទេសអូស្ត្រាលី និងកាលពីឆ្នាំ២០២២ យោធា៤នាក់ផ្សេងទៀតបានស្លាប់ នៅយន្ដហោះយោធាប្រភេទនេះបានធ្លាក់អំឡុងការធ្វើសមយុទ្ធហោះហើរមួយរបស់ NATO នៅក្នុងប្រទេសន័រវែស។

លើកចុងក្រោយបំផុត យន្ដហោះ V-22 Osprey ដែលអភិវឌ្ឍដោយក្រុមហ៊ុន Boeing បានធ្លាក់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ នៅឯឆ្នេរសមុទ្រ ជប៉ុនដោយបានសម្លាប់មនុស្សជិះនៅលើនោះ៨នាក់ ហើយក្រោយគ្រោះថ្នាក់នេះកើតឡើង ជប៉ុនបានបញ្ឈរជើងយន្ដហោះយោធានេះភ្លាមៗ។ តាម ក្រុមហ៊ុន Boeing យន្ដហោះ V-22 Osprey យ៉ាងហោច ៤០០គ្រឿងកំពុងត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាស កងម៉ារីន និងកងទ័ពជើងទឹក អាមេរិក ខណៈជប៉ុនក៏កំពុងប្រើប្រាស់យន្ដហោះយោធាប្រភេទនេះដែរ៕

រូបភាពពី AFP